លោកជំទាវ ពេជ ម៉ារ៉ែន អញ្ជើញចុះជួបផ្ទាល់ជាមួយជនរងគ្រោះក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បុករះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ
(ខេត្តតាកែវ)៖ នាព្រឹកថ្ងៃអង្គារ ទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥ លោកជំទាវ ពេជ ម៉ារែន ប្រធានសាលាដំបូងខេត្តតាកែវ រួមជាមួយ ក្រឡាបញ្ជី និងសហការី បានអញ្ជើញចុះជួបសាកសួរសុខទុក្ខដោយផ្ទាល់ និងចុះជួយបំពេញឯកសារនីតិវិធី ជូន ជនរងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត នៅក្នុងឧប្បទេវហេតុគ្រោះថ្នាក់ចរាចរណ៍ កាលពីយប់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ ដែលបង្កឡើងដោយ រថយន្ដម៉ាក BMW 530i ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 2AY-2878 បើកបរដោយបុរសម្នាក់ឈ្មោះ នី សេរីសម្បត្តិ បើកបរក្នុងភាពស្រវឹងរេចង្កូតបុករះម៉ូតូ ២គ្រឿង និងបន្តទៅបុករទេះលក់ដូររបស់ប្រជាពលរដ្ឋនៅចិញ្ចើមថ្នល់ នៅលើផ្លូវក្រុង ២A ស្ថិតនៅក្នុងភូមិចុងថ្នល់ សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្ដតាកែវ បណ្ដាលឲ្យមនុស្សរងរបួសធ្ងន់ស្រាលចំនួន ៧នាក់។
លោកជំទាវ ពេជ ម៉ារែន ប្រធានសាលាដំបូងខេត្ត បានធ្វើការជម្រាបជូនបងប្អូនជាជនរងគ្រោះទាំង៧នាក់ថា លោកជំទាវនឹងពិនិត្យមើលសំណុំរឿងនេះ ដោយធ្វើការពន្លឿននីតិវិធីច្បាប់ឱ្យបានឆាប់រហ័សបំផុត ដើម្បីឱ្យបងប្អូនជនរងគ្រោះទាំងអស់ទទួលបានសំណងសមស្របក្នុងកម្រិតណាមួយ យកទៅពិនិត្យនិងព្យាបាលបន្តរហូតបានជាសះស្បើយ។
លោកជំទាវ ពេជ ម៉ារ៉ែន ប្រធានសាលាដំបូងខេត្តតាកែវ បានបញ្ជាក់ថា ចំពោះម្ចាស់រថយន្តដែលជាជនបង្កនោះគឺត្រូវបានតុលាការសម្រេចឃុំខ្លួនជាបណ្ដោះអាសន្ននៅពន្ធនាគារខេត្ត ដើម្បីរងចាំបន្តនីតិវិធីច្បាប់៕
Post a Comment