ក្រោមបញ្ជាពីលោក ថេង សុថុល ឱ្យចុះបង្ក្រាបទីតាំងបើកលេងឡូតូដុះស្លែមួយកន្លែងយីហោ"៩៩៩៩" ឃាត់ខ្លួនអ្នកគ្រប់គ្រងម្នាក់


(ភ្នំពេញ)៖ តាមសេចក្តីរាយការណ៍ឱ្យដឹងថាទីតាំងបើកលេងល្បែងស៊ីសងខុសច្បាប់ដុះស្លែមួយកន្លែងប្រភេទឡូតូ យីហោ "៩៩៩៩" ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ៧មករា ឆ្មក់ចុះបង្ក្រាប ឃាត់ខ្លួនមនុស្សម្នាក់ជាមេកា និងដកហូតសម្ភារ​ កំព្យូទ័រមួយឈុតសម្រាប់បើកលេងឡូតូ។

តាមសេចក្តីរាយការណ៍បានបញ្ជាក់ថាប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាម៉ោង​១៥:០០នាទីរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយទទួលបទបញ្ជាពី​លោក ថេង សុថុល អភិបាល នៃគណ:អភិបាលខណ្ឌ៧មករា បានចាត់ឲ្យ​ លោក ណុប ផា អភិបាលរង ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចុះបង្ក្រាបទីតាំងបើកលេងល្បែងស៉ីសងខុសច្បាប់ប្រភេទឡូតូ យីហោ "៩៩៩៩" នៅចំណុចផ្ទះលេខ៩B ផ្លូវលេខ១១១ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។

មន្រ្តីអាជ្ញាធរបញ្ជាក់ថា មុនឈានដល់ការបង្ក្រាបទីតាំងបង្កប់ល្បែងស៉ីសងខុសច្បាប់នេះ កម្លាំងបានស្រាវជ្រាវ ឃើញជាក់ស្ដែងតែម្ដង ដោយឃាត់ខ្លួនមនុស្សម្នាក់ជាអ្នកគ្រប់គ្រង និងដកហូតសម្ភារ​កំព្យូទ័រមួយឈុតសម្រាប់បើកលេងឡូតូ។

ក្រោយប្រតិបត្តិការកម្លាំងអាជ្ញាធរខណ្ឌ៧មករា បានបិទទ្វារទីតាំងជាបណ្ដោះអាសន្ន និងដកហូតវត្ថុតាងយកទៅរក្សាទុកនៅសាលាខណ្ឌ៧មករា។ ចំណែកអ្នកគ្រប់គ្រងទីតាំងប្រគល់ទៅនគរបាលខណ្ឌ៧មករា ដើម្បីចាត់ការបន្តតាមនីតិវិធី៕












Theme images by Radius Images. Powered by Blogger.