រដ្ឋមន្ត្រី នេត្រ ភក្ត្រា អនុញ្ញាតជូនលោកជំទាវ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋគុយបា ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ




(ភ្នំពេញ)៖ ទំនាក់ទំនងរវាងប្រទេសកម្ពុជា និងប្រទេសគុយបា បានបន្តពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នាជាពិសេសនៅក្នុងក្របខ័ណ្ឌនៃទំនាក់ទំនងព័ត៌មានរវាងប្រទេសទាំងពីរ ដោយត្រូវធ្វើការពង្រីកទៅលើកិច្ចការងារផ្សព្វផ្សាយបន្ថែមទៀត ដើម្បីផ្សាយអំពីការពិតក្នុងប្រទេសកម្ពុជាទៅកាន់ប្រទេសគុយបា ធ្វើឱ្យប្រជាជនបានដឹង ហើយក៏ផ្សាយត្រឡប់មកវិញពីប្រទេសគុយបា ដើម្បីឱ្យប្រជាជនកម្ពុជាបាទទួលបានព័ត៌មានជាប្រចាំពីអ្វីដែលជាការវិវឌ្ឍនៃស្ថានភាពនយោបាយ សង្គមសេដ្ឋកិច្ច របស់គុយបា ឱ្យប្រជាជនកម្ពុជា បានយល់ដឹងវិញផងដែរ។

ការបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការលើប្រព័ន្ធផ្សព្វផ្សាយរដ្ឋនៃប្រទេសទាំងពីរ កម្ពុជា គុយបា បានធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាង ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និង លោកជំទាវ Milena Caridad Zaldívar Piedra ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋគុយបាប្រចាំព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ នាទីស្តីការក្រសួងព័ត៌មាន។

ក្នុងជំនួបពិភាក្សាគ្នានាឱកាសនេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោកជំទាវ ឯកអគ្គរដ្ឋទូតគុយបាប្រចាំកម្ពុជា បានលើឡើងនូវកិច្ចការងារសំខាន់ៗមួយចំនួន ដើម្បីបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើការងារផ្សព្វផ្សាយព័ត៌មានរវាងប្រទេសទាំងពីរតាមរយៈទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) និងទីភ្នាក់ងារសារព័ត៌មានគុយបា Prensa Latina (PL)។

គួររម្លឹកដែរថា កាលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២  មានការចុះហត្ថលេខាលើ អនុស្សរណៈស្តីពីការផ្លាស់ប្តូរព័ត៌មាន រវាងទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) តំណាងដោយ លោកជំទាវអគ្គនាយិកា សុខមុំ និមល និងទីភ្នាក់ងារសារព័ត៌មានគុយបា Prensa Latina (PL) តំណាងដោយ ឯកឧត្តមអគ្គនាយក Luis Enrique Gonzalez Acosta។

ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានវាយតំលៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការល្អរវាង ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) និង ទីភ្នាក់ងារសារព័ត៌មានគុយបា Prensa Latina (PL) ដោយកន្លងមកនេះ ទីភ្នាក់ងារសារព័ត៌មាននៃប្រទេសទាំងពីរ បានធ្វើចែករំលែកធ្វើការផ្សព្វផ្សាយព័ត៌មានពីគ្នាទៅវិញទៅមក ដើម្បីអោយប្រជាជនកម្ពុជាយល់ដឹងនូវអ្វីដែលកើតមានឡើងនៅប្រទេសគុយបា ហើយប្រជាជនគុយបាក៏បានដឹងព័ត៌មានពីអ្វីដែលកើតមានឡើងនៅកម្ពុជា ។ នៅក្នុងឱកាសនេះដែរ ឯកឧត្តម នេត្រ ភក្ត្រា បានធ្វើការរំលឹកឡើងវិញនូវអ្វីដែលប្រទេសគុយបាបានចូលរួមចំណែកក្នុងការកសាងប្រទេសកម្ពុជាឡើងវិញនូវ នៅពេលរបបខ្មែរក្រហមបានដូលរំលំ នាឆ្នាំ១៩៧៩។

លោកជំទាវ Milena Caridad Zaldivar Piedra បានសំដែងនូវការរីករាយដោយបាន ឃើញពីភាពរីកចម្រើនយ៉ាងល្អនៃកិច្ចសហការលើការផ្សព្វផ្សាយព័ត៌មាន រវាងទីភ្នាក់ងារសារព័ត៌មានគុយបា Prensa Latina (PL) ជាមួយទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP)។

នៅក្នុងជំនួបពិភាក្សាការងារនេះដែរ លោកជំទាវឯកអគ្គរដ្ឋទូតគុយបា បានគោរពអញ្ជើញ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដើម្បីចូលរួមនៅក្នុងកិច្ចប្រជុំកម្រិតអន្តរជាតិ “IV Patria International Colloquium” ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងហាវ៉ាណា ប្រទេសគុយបា ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ៕












Theme images by Radius Images. Powered by Blogger.