ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយក្រុមហ៊ុន Zhengzhou Chen’s Sun Fruits and Vegetables International Trade Co.,Ltd
(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយក្រុមហ៊ុន Zhengzhou Chen’s Sun Fruits and Vegetables International Trade Co.,Ltd នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្នុងឱកាសនៃជំនួប ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានសម្តែងនូវការស្វាគមន៍ដែលក្រុមហ៊ុនមានគោលបំណងចង់វិនិយោគនូវកសិផលកម្ពុជាដូចជា ធុរេន ដូងស្រស់ និងស្វាយចន្ទី ដេីម្បីនាំចេញទៅកាន់ទីផ្សារប្រទេសចិន និងទីផ្សារប្រទេសផ្សេងៗ។ លេីសពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានលេីកឡេីងថាកម្ពុជាមានកសិផលសក្តានុពលជាច្រេីនរួមមាន ផ្លែស្វាយ ផ្លែមៀន និងចេកពងមាន់ មានរសជាតិឆ្ងាញ់ និងគុណភាពល្អ ជាពិសេសកម្ពុជាមាននីតិវិធីនៃការនាំចេញច្បាស់លាស់ទៅកាន់ប្រទេសចិន ប្រការសំខាន់គឺទាមទារការវិនិយោគលេីការវេចខ្ចប់ កែច្នៃ និងអាចនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានបញ្ជាក់បន្ថែមថាកម្ពុជាស្វាគមន៍នូវរាល់វិនិយោគិនដែលមានបំណងចង់វិនិយោគលេីការកែច្នៃ និងធ្វេីពាណិជ្ជកម្មនាំចេញ ដោយអាចសហការធ្វេីការដាំដុះជាមួយប្រជាកសិករ កំណត់ស្តង់ដាបច្ចេកទេសច្បាស់លាស់ មានកិច្ចសន្យាផលិតកម្មត្រឹមត្រូវ និងអាចទទួលទិញត្រលប់ក្នុងតម្លៃចរចា ដោយមិនប្រកួតប្រជែងលេីការដាំដុះជាមួយប្រជាកសិករឡេីយ។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានផ្តល់ការណែនាំដល់ភាគីក្រុមហ៊ុនត្រូវធ្វេីការកំណត់ស្តង់ដានៃកសិផលកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន និងការធ្វេីទីផ្សារផលិតផលដេីម្បីឱ្យអ្នកប្រេីប្រាស់មានការទទួលស្គាល់ ដែលជាកត្តាចាំបាច់ ជំរុញឱ្យផលិតផលលក់បានក្នុងតម្លៃថ្លៃ និងមានតម្លៃបន្ថែមខ្ពស់ ហេីយកម្ពុជាមានគោលបំណងប្រកួតប្រជែងលេីផលិតផលដែលមានគុណភាពល្អប្រណិត និងមានរសជាតិឆ្ងាញ់ ដោយមិនប្រកួតប្រជែងបរិមាណ។
ក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានលេីកទឹកចិត្តដល់ភាគីក្រុមហ៊ុនសហការជាមួយក្រសួងកសិកម្ម ក្នុងការចុះពិនិត្យទីតាំង និងគុណភាពកសិផលកម្ពុជាដូចបានរៀបរាប់ខាងលេីដេីម្បីទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ ពេញលេញ និងមានភាពច្បាស់លាស់ក្នុងការវិនិយោគ និងជូនពរដល់ក្រុមហ៊ុនទទួលបានលទ្ធផលជោគជ័យ ព្រមទាំងអាចនាំចេញនូវកសិផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិបានពិតប្រាកដ៕
Post a Comment