ឯកឧត្តម ឃួង ស្រេង ,អ្នកឧកញ៉ា សុខ គង់ និងអ្នកឧកញ៉ា សុខ ហុង ឧបត្ថម្ភអ្នក​ស្លាប់​ក្នុងហេតុការណ៍ប្រជ្រៀតយកអាំងប៉ាវ

(ភ្នំពេញ)៖ បន្ទាប់ពីមានហេតុការណ៍ប្រជាពលរដ្ឋប្រជ្រៀតគ្នានៅមុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ដើម្បីចាំយកអាំងប៉ាវ​ និងបណ្តាលឱ្យមានអ្នកស្លាប់ និងរបួស ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឧបត្ថម្ភដល់សពម្នាក់ៗចំនួន៥លានរៀល និងអ្នករងរបួស ចំនួន២លានរៀល ព្រមក្តារមឈូស១ផងដែរ។

ថវិកាទាំងនេះត្រូវបានឯកឧត្តម សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ នាំយកទៅប្រគល់ជូនគ្រួសារជនរងគ្រោះក្នុងមន្ទីរពេទ្យនៅថ្ងៃនេះតែម្តង។ ចំណែកអ្នកឧកញ៉ា សុខ គង់ និងកូនប្រុសអ្នកឧកញ៉ា សុខ ហុង បានឧបត្ថម្ភដល់សពម្នាក់ៗចំនួន ៦ពាន់ដុល្លារ និងអ្នករងរបួសថវិកាចំនួន ៤លានរៀល។

សូមជម្រាបផងដែរថា គិតត្រឹមម៉ោង១២​និង៣០នាទី ចំនួន​អ្នកស្លាប់ពេលនាំគ្នាទៅប្រជ្រៀតយកអាំងប៉ាវ នៅមុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ បានកើនដល់៤នាក់ និងសង្គ្រោះ៥នាក់។

សម្រាប់អាំងប៉ាវម្នាក់ៗទទួលបានលុយ៤ម៉ឺនរៀល និងអង្ករ២គីឡូក្រាម៕










Theme images by Radius Images. Powered by Blogger.