អាវុធហត្ថខេត្តសៀមរាប បង្រ្កាបក្មេងទំនើងបានម្នាក់ពាក់ព័ន្ធហិង្សាដោយចេតនា និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ!
(សៀមរាប)៖ កាលពីវេលាម៉ោង ១១និង១០នាទី ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ មានករណីហិង្សាបង្កឡើងដោយក្មេងទំនើង០២នាក់ បានជិះម៉ូតូ០១គ្រឿង ធ្វើសកម្មភាពដោយប្រើកាំបិតខ្វែវដេញកាប់ទៅលើជនរងគ្រោះ ០២នាក់ តែមិនបណ្តាលឲ្យរងរបួសនោះទេ ព្រមទាំងកាប់លើម៉ូតូរបស់ជនរងគ្រោះបណ្តាលឲ្យខូចខាតយ៉ាងដំណំ នៅចំណុចលើផ្លូវកៅស៊ូ ស្ថិតក្នុងភូមិធ្លកអណ្ដូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប បន្ទាប់ពីធ្វើសកម្មភាពរួចជនសង្ស័យបានជិះម៉ូតូគេចខ្លួនបាត់។
បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងជំនាញអាវុធហត្ថខេត្តសៀមរាប បានចុះដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវ និងដោយបានសហការពីកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់នគរធំ ក្រុងសៀមរាប រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ អាត លីមិញ ភេទប្រុស អាយុ១៦ឆ្នាំ នាំយកមកស្តាប់ចម្លើយអំពីរឿងហេតុ និងចាត់ការតាមនីតិវិធី។
វត្ថុតាងចាប់យករួមមាន៖ កាំបិតខ្វែវចំនួន០១ដើម រួមនឹងសម្ភារមួយចំនួនទៀត។
ក្រោមវិធានការជំនាញក្មេងទំនើងឈ្មោះ អាត លីមិញ បានសារភាពឲ្យដឹងថា ខ្លួនរួមនិងបក្សពួកម្នាក់ទៀត ពិតជាបាន ប្រព្រឹត្តអំពើហិង្សាខាងលើប្រាកដមែន។
ក្មេងទំនើងខាងលើ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថខេត្តសៀមរាប កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ចំណែកឯបក្ខពួកដែលរត់គេចខ្លួន សមត្ថកិច្ចជំនាញអាវុធហត្ថខេត្តសៀមរាប កំពុងស្រាវជ្រាវឃាត់ខ្លួនបន្ត៕
Post a Comment