នាយឧត្ដមសេនីយ៍ សៅ សុខា អញ្ជើញគោរពវិញ្ញាណក្ខន្ធសពនាយឧត្ដមសេនីយ៍ ឈិន ច័ន្ទពណ៌
(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី១០ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងថ្នាក់ដឹកនាំជាន់ខ្ពស់កងរាជអាវុធហត្ថ បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព នាយឧត្ដមសេនីយ៍ ឈិន ច័ន្ទពណ៌ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ ដែលបានទទួលមរណភាពនៅវេលាម៉ោង១២:២៦នាទីរសៀល ថ្ងៃអាទិត្យ ៨កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៤ ដោយរោគគាពាធ ក្នុងជន្មាយុ៧២ឆ្នាំ។ សពតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាននៃសពស្ថិតនៅផ្ទះលេខ៨១-៨៣ ផ្លូវ១៦០ ក្រុមទី២៣ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ឯកឧត្តម នាយឧត្ដមសេនីយ៍ សៅ សុខា ក្នុងនាមមេបញ្ជាការ និងក្នុងនាមគណៈប្រតិភូបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស សេចក្តីរន្ធត់ក្តុកក្តួលរំជួលចិត្តឥតឧបមា ដោយទទួលដំណឹងដ៏សែនក្រៀមក្រំស្តីអំពីមរណភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ឈិន ច័ន្ទពណ៌ អគ្គមេពបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ ត្រូវជាឪពុក លោកបានទទួលមរណភាព នៅវេលាម៉ោង ១២:២៦នាទី ថ្ងៃអាទិត្រ ៨កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៤ ក្នុងជន្មាយុ ៧២ឆ្នាំ ដោយរោគាពាធ។ មរណភាពរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ឈិន ច័ន្ទពណ៌ គឺជាការបាត់បង់នាយទាហាន ជាន់ខ្ពស់ដ៏ឆ្នើមរបស់ជាតិ និងរបស់កងយោធពលខេមរភូមិន្ទ ដែលមានសមត្ថភាពនិងចំណេះដឹងខ្ពង់ខ្ពស់ ប្រកបដោយគុណធម៌ សីលធម៌ គតិបណ្ឌិត ដែលបានលះបង់ស្ទើរតែពេញមួយជីវិត ដើម្បីបម្រើជាតិមាតុភូមិជាទីស្នេហារបស់យើង ក្រោយពីថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩ ដើម្បីការរស់ឡើងវិញរបស់ប្រជាជនកម្ពុជាយើង។ ថ្វីត្បិតរូបកាយរបស់ ឯកឧត្តម ត្រូវបាត់បង់ពីលោកយើងនេះក៏ពិតមែន ប៉ុន្តែស្នារដៃពោរពេញទៅដោយវីរៈភាពដែល ឯកឧត្តម បានលះបង់ទាំងកម្លាំងកាយចិត្តប្រាជ្ញាស្មារតី រហូតដល់ជីវិតចុងក្រោយ មានគុណសម្បត្តិដ៏ខ្ពង់ខ្ពស់ចំពោះជាតិ ព្រមជាមួយគុណធម៌ សីលធម៌ កិត្តិយស កិត្តិសព្ទ បានរស់នៅស្ថិតស្ថេរគង់វង្សជានិរន្តន៍។
ឯកឧត្តម ជាឪពុក ឪពុកក្មេក និងជីតាប្រកបដោយព្រហ្មវិហារធម៌ និងមនោសញ្ចេតនា សេចក្តីគោរពស្រឡាញ់ យ៉ាងជ្រាលជ្រៅចំពោះក្រុមគ្រួសារសាច់ញាតិ។
យើងខ្ញុំទាំងអស់គ្នា សូមលំឱនកាយចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំ ក្នុងស្មារតីគោរពស្រឡាញ់ សោកស្តាយ ស្រណោះអាឡោះអាល័យបំផុត ចំពោះដំណើរចាកចេញដែលគ្មានថ្ងៃវិលត្រឡប់ជារៀងរហូតរបស់ឯកឧត្តម ឈិន ច័ន្ទពណ៌ និងសូមលំឱនកាយវាចារចិត្តគោរពឧទ្ទិសបួងសួងដល់បុណ្យតេជៈបារមី ព្រមទាំងវត្ថុស័ក្តិសិទ្ធក្នុងលោក សូមជួយដឹកនាំវិញ្ញាណក្ខន្ធរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ឈិន ច័ន្ទពណ៌ បានទៅដល់ទីឋានបរមសុខ សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
Post a Comment