មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកណ្តាលបានរៀបចំពិធីដេញថ្លៃភាស៊ីគ្រប់ប្រភេទសម្រាប់ធ្វើអាជីវកម្មឆ្នាំ២០២៥


(ខេត្តកណ្ដាល)៖ ថ្លែងនៅក្នុងពិធីដេញថ្លៃភាស៊ីគ្រប់ប្រភេទ សម្រាប់ធ្វើអាជីវកម្ម ឆ្នាំ២០២៥ នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្តកណ្ដាលបាន បញ្ចាក់ថា ដោយអនុលោមទៅតាមច្បាប់ និងលិខិតបទដ្ឋាននានាស្តីពីការគ្រប់គ្រងអាជីវកម្ម សេវាកម្ម ទ្រព្យសម្បត្តិរដ្ឋ ក៏ដូចជាការអនុវត្តតាមគោលការណ៍ណែនាំផ្សេងៗ របស់រាជរដ្ឋាភិបាល។ ទើបរដ្ឋបាលខេត្តបានរៀបចំការដេញថ្លៃជាសាធារណៈជារៀងរាល់ឆ្នាំ ដោយបានបង្កើតគណៈកម្មការ ដើម្បីសិក្សាកំណត់តម្លៃមូលដ្ឋានសម្រាប់ដាក់ដេញថ្លៃជាសាធារណៈលើមុខសញ្ញាភាស៊ីគ្រប់ប្រភេទក្នុងខេត្តកណ្តាលមាន៩ទីតាំង៖
១/ភាស៊ីផ្សារចំនួន ៥ទីតាំង
២/ភាស៊ីកំពង់ចម្លង ៣ទីតាំង
៣/ភាស៊ីសត្តឃាត ១ទីតាំង។

ឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្តកណ្តាល បានបញ្ជាក់ប្រាប់ទៅដល់ម្ចាស់អាជីវកម្មទាំងអស់ថា ចំពោះភាស៊ីផ្សារទាំង ៥ទីតាំង ដែលដាក់ដេញថ្លៃនាពេលនេះ គឺពុំមានទីតាំងចាក់សំរាម និងកន្លែងផ្ញើរកង់-ម៉ូតូរបស់រដ្ឋទេ ដូច្នេះ អ្នកដែលមកដាក់ពាក្យសុំចូលដេញថ្លៃ ត្រូវមានមធ្យោបាយដឹកជញ្ជូន និងរកទីតាំងចាក់សំរាមដោយខ្លួនឯង។ ដោយឡែកសម្រាប់ភាស៊ីកំពង់ចម្លង គឺមានកំពង់ចម្លងខ្លះពុំមានទីតាំងកំពង់របស់រដ្ឋទេ ដូចជាកំពង់ចម្លងពាមសត្ថា កំពង់អុស នៅស្រុកពញាឮ និងកំពង់ចម្លងឬស្សីស្រុក-ក្បាលកោះអន្លង់ចិន នៅក្រុងតាខ្មៅ គឺអ្នកដេញថ្លៃបាន ត្រូវជួលទីតាំងកំពង់ពីប្រជាពលរដ្ឋ ដើម្បីធ្វើអាជីវកម្ម។

ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមអភិបាលខេត្តកណ្តាល បានធ្វើការណែនាំដល់អ្នកដែលបានដាក់ពាក្យសុំចូលដេញថ្លៃទាំងអស់ សូមពិចារណាឱ្យបានច្បាស់លាស់ មុននិងដេញថ្លៃយកទៅប្រកបអាជីវកម្ម ជៀសវាងមានការខាត់បង មិនអាចអនុវត្តបង់ចំណូលជូនខេត្តបានពេញលេញ នាំឱ្យមានជំពាក់បំណុលរដ្ឋ។ ជាពិសេសក្រោយពីដេញថ្លៃចប់ជាស្ថាពរ អ្នកដែលដេញថ្លៃបាន ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ដែលមានចែងក្នុងសៀវភៅបន្ទុក ព្រមទាំងបង់ពន្ធដារតាមការកំណត់នៃច្បាប់។ ចំពោះអាជីវដែលដេញថ្លៃបាន ភាស៊ីផ្សារត្រូវអនុវត្តតាមការណែនាំសារាចរលេខ១១សរ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩ ស្តីពីការលុបការ បង់ថ្លៃចំពោះប្រជាពលរដ្ឋលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី របស់រាជរដ្ឋាភិបាល។

លោកស្រី ខុន លក្ខណា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានឱ្យដឹងថា ក្នុងពិធីដេញថ្លៃភាស៊ីគ្រប់ប្រភេទ សម្រាប់ធ្វើអាជីវកម្ម ឆ្នាំ២០២៥នេះ មានអ្នកដាក់ពាក្យសុំចូលដេញថ្លៃចំនួន ៨នាក់ និងមានចំនួន ៩ទីតាំង រួមមាន៖ ភាស៊ីផ្សារមានចំនួន ៥ទីតាំងគឺ៖
១/ផ្សារគគីរ នៅស្រុកកៀនស្វាយ
២/ផ្សារបែកចាន-ផ្សារថ្នល់ទទឹងនៅស្រុកអង្គស្នួល
៣/ផ្សារព្រែកអញ្ចាញ-ផ្សាររការកោង នៅស្រុកមុខកំពូល
៤/ផ្សារកោះធំនៅស្រុកកោះធំ
៥/ផ្សារកំពង់កន្ទួត នៅស្រុកកណ្ដាលស្ទឹង។

ភាស៊ីកំពង់ចម្លងមាន ៣ទីតាំងគឺ៖
១/កំពង់ចម្លងព្រែកថ្មី-ក្បាលកោះអន្លង់ចិន នៅក្រុងតាខ្មៅ
២/ កំពង់ចម្លង ពាមសន្ថាកំពុងអុស នៅស្រុកពញ្ញាឮ
៣/កំពង់ចម្លងតាខ្មៅ-ចំពុះក្អែក នៅក្រុងតាខ្មៅ។

ភាស៊ីសត្តឃាតដ្ឋាន មាន១ទីតាំងស្ថិតនៅឃុំព្រែកតាម៉ាក់ ស្រុកខ្សាច់កណ្តាល ។
























Theme images by Radius Images. Powered by Blogger.