ឯកឧត្ដម ឃួង ស្រេង អញ្ជើញជាអធិបតីបើកមហាសន្និបាតអាណត្តិទី៣ របស់សមាគមជាតិក្រុមប្រឹក្សារាជធានី.ខេត្ត


(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានសំរេចប្រគល់ដីទំហំជាង៤៣០០ម៉ែត្រការ៉េ នៅក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ កសាងអគាររដ្ឋបាលសមាគមជាតិក្រុមប្រឹក្សារាជធានី.ខេត្ត ដើម្បីឱ្យសមាគម បានបំពេញការងារកាន់តែល្អប្រសើរមួយកំរិតថែមទៀត។ នេះបើតាមការលើកឡើងរបស់ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ខណៈឯកឧត្តម និងឯកឧត្ដម ម៉ប់សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញនិងជាប្រធានសមាគមជាតិក្រុមប្រឹក្សារាជធានី.ខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីបើកមហាសន្និបាតអាណត្តិទី៣ របស់សមាគមជាតិក្រុមប្រឹក្សារាជធានី.ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤នេះ នៅមជ្ឈមណ្ឌលមន្និបាតនិងពិព័រណ៍កោះពេជ្រ ខណ្ឌចំការមន។

ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ ជាតំណាងប្រជាពលរដ្ឋនៅថ្នាក់ក្រោមជាតិ លើកិច្ចការងារបំរើផលប្រយោជន៍ជូនប្រជាពលរដ្ឋ។ ដូច្នេះដើម្បីឱ្យការងារកាន់តែល្អប្រសើរនោះ រដ្ឋបាលរាជធានីភ្នំពេញ បានសំរេចប្រគល់ដីទំហំជាង៤៣០០ម៉ែត្រការ៉េ នៅក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ ដើម្បីកសាងអគាររដ្ឋបាលសមាគមជាតិក្រុមប្រឹក្សារាជធានី.ខេត្តនេះឡើង។

ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍បន្តថា សន្តិបាតនេះមានគោលបំណងសរុបវាយតម្លៃ ពិនិត្យវឌ្ឍនៈភាពការងារនិងបញ្ហាប្រឈមនានារបស់សមាគមក្រុមប្រឹក្សារាជធានី.ខេត្ត សម្រេចបានកន្លងមក។ សមាគមក្រុមប្រឹក្សារាជធានី.ខេត្ត ត្រូវបានបង្កើតឡើងតាមរយៈអង្គសន្និបាតនាថ្ងៃទី២៧និង២៨មីនាឆ្នាំ២០១៣ នៅរាជធានីភ្នំពេញ ដោយគិតមកដល់ពេលនេះមានរយៈពេល១១ឆ្នាំហើយ។

ឯកឧត្ដម  ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបន្តទៀតថា យើងបានបញ្ជប់វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ ឆ្នាំ២០២៤ ដោយទទួលបានមតិ យោបល់ សំណើរនិងសំណូមពរជាច្រើនពីប្រជាពលរដ្ឋ មកដោះស្រាយ ជាមួយនិងការអភិវឌ្ឍរាជធានីភ្នំពេញអោយរីកចំរើនបន្ថែមទៀត ដែលនេះពិតជាបានបង្ហាញអោយឃើញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះប្រជាពលរដ្ឋ។

ឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងជាប្រធានសមាគមជាតិក្រុមប្រឹក្សារាជធានី.ខេត្ត បានមានប្រសាសន៍លើកឡើងថា អង្គមហាសន្និបាតនេះ នឹងប្រព្រឹត្តទៅមានរយៈពេលមួយថ្ងៃកន្លះ ដោយមានការបោះឆ្នោត និងប្រកាសលទ្ធផលបោះឆ្នោតជ្រើសរើសប្រធាន អនុប្រធាន សមាជិកក្រុមប្រឹក្សាជាតិ និងសមាជិកគណៈកម្មាធិការប្រតិបត្តិជាតិ របស់សមាគមជាតិក្រុមប្រឹក្សារាជធានី.ខេត្ត។

ឯកឧត្ដម​ ម៉ប់ សារិន បានបន្តថា ដោយមានការគាំទ្រពីរាជរដ្ឋាភិបាលនិងជាពិសេសគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្តត្រូវបានបង្កើតឡើងតាមរយៈមហាសន្និបាត នាថ្ងៃទី២៧-២៨ ខែមីនា ឆ្នាំ២០១៣ ហើយត្រូវបានចុះបញ្ជីទទួលស្គាល់ដោយក្រសួងមហាផ្ទៃនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៣។ ផ្នែកតាមមាត្រាទី៨ នៃលក្ខន្តិកៈ ដែលបានកំណត់ថា មហាសន្និបាតសមាគមជាតិត្រូវរៀបចំឡើងរៀងរាល់៥ឆ្នាំម្តង នៅប្រទេសកម្ពុជា។ មហាសន្និបាតសមាគមជាតិសម្រាប់អាណត្តិទី៣នេះ មានគោលបំណង បូកសរុបសមិទ្ធផលការងារសម្រេចបានក្នុងអាណត្តិទី២ រយៈពេល៥ឆ្នាំកន្លងមក គឺឆ្នាំ ២០១៩-២០២៤។ បោះឆ្នោតជ្រើសរើសប្រធាន អនុប្រធាន សមាជិកគណៈកម្មាធិការប្រតិបត្តិជាតិ និងសមាជិកក្រុមប្រឹក្សា ជាតិរបស់សមាគមជាតិ។រៀបចំកិច្ចប្រជុំក្រុមប្រឹក្សាជាតិលើកទី១ សម្រាប់អាណត្តិទី៣ របស់សមាគមជាតិ។

ជាមួយគ្នានេះឯកឧត្ដម ម៉ប់ សារិន ក៏បានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដែលបានផ្តល់ដីទំហំជាង៤៣០០ម៉ែត្រការ៉េ នៅក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ ដើម្បីសាងសង់អគាររដ្ឋបាលសមាគមជាតិក្រុមប្រឹក្សារាជធានី.ខេត្ត ក្នុងការបំពេញការងាររបស់សមាគម ដោយគ្រោងសាងសង់នៅក្នុងឆ្នាំ២០២៥នេះ។

ឯកឧត្ដម ម៉ប់ សារិន ក៏បានថ្លែងនូវការគោរពអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានឧត្ដមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្យនៃព្រះរាជាណាចក្រកម្ពុជាដែលបានបរិចាកថវិកាចំនួន ៣ម៉ឺនដុល្លារ សម្រាប់ចូលរួមសាងសង់អគាររដ្ឋបាលសមាគមជាតិក្រុមប្រឹក្សារាជធានី.ខេត្តនេះផងដែរ៕

























Theme images by Radius Images. Powered by Blogger.