ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អនុញ្ញាតឱ្យអ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុនវីរៈ ប៊ុនថាំ និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
(ភ្នំពេញ)៖ ព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឱ្យអ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុនវីរៈ ប៊ុនថាំ និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ដែលក្រុមហ៊ុនមានគោលបំណងចង់ចូលរួមក្នុងវិស័យកសិកម្ម ដោយផ្តោតទៅលេីផលិតកម្មបន្លែ។ លេីសពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ណែនាំដល់ក្រុមហ៊ុនក្នុងការចូលរួមសហការជាមួយនឹងប្រជាកសិករ ទទួលទិញបន្លែពីកសិករ ផ្តល់នូវបច្ចេកទេសដឹកជញ្ជូនដែលមានតម្លៃសមរម្យ និងមានគុណភាពសម្រាប់ផលិតកម្មបន្លែ ហេីយក្រសួងកសិកម្មនឹងជួយគាំទ្រនូវបច្ចេកទេសដាំដុះ និងការរៀបចំផែនការឱ្យបានច្បាស់លាស់។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានលេីកឡេីងពីគោលនយោបាយអាទិភាពក្នុងវិស័យកសិកម្មក្នុងការកសាងសហគមន៍កសិកម្មទំនេីប ដែលមានផែនការផលិតកម្មច្បាស់លាស់ មានទុនវិនិយោគ មានផែនការទីផ្សារត្រឹមត្រូវ និងអាចផ្គត់ផ្គង់តាមតម្រូវការទីផ្សារ ដែលក្រុមហ៊ុនអាចចូលរួមតភ្ជាប់ខ្សែច្រវ៉ាក់តម្លៃ ជួយកសិករឱ្យមានទីផ្សារ ដោយមិនប្រកួតប្រជែងជាមួយនឹងកសិករឡេីយ។
បេីតាម ឯកឧត្តមរដ្ឋមន្ត្រី ភស្តុភារកម្មបានដេីរតួនាទីយ៉ាងសំខាន់ ហេីយផលិតកម្មបន្លែនេះត្រូវការការដឹកជញ្ជូនដែលមានតម្លៃសមរម្យ រក្សាបាននូវគុណភាពនិងសុវត្ថិភាពផលិតកម្ម និងជួយកាត់បន្ថយនូវថ្លៃដេីមផលិតរបស់ប្រជាកសិករ។ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថាជាគោលដៅរួមយេីងត្រូវមានការចូលរួមទាំងអស់គ្នា ដេីម្បីជួយជំរុញការកសាងសហគមន៍កសិកម្មទំនេីប និងការលេីកកម្ពស់ជីវភាពប្រជាកសិករឱ្យទទួលបានផលចំនេញសេដ្ឋកិច្ចទាំងអស់គ្នា៕
Post a Comment