ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខអតីតគ្រូរូប-គីមី ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត !
(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤ អតីតសិស្សសាលាបាក់ទូកនាទសវត្សឆ្នាំ១៩៨០ មួយក្រុម នាំមុខដោយ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ រួមជាមួយអតីតលោកគ្រូអ្នកគ្រូបង្រៀននៅសាលាបាក់ទូក បាននាំយកថវិកាចំនួន ១០លានរៀល ភេសជ្ជៈចម្រុះ ៨កេស និង ផ្លែឈើ១កន្រ្តក អញ្ជើញចុះសួរសុខទុក្ខ និងលើកទឹកចិត្តដល់ អ្នកគ្រូ គី វិន អាយុ៧៩ឆ្នាំ អតីតគ្រូជើងចាស់ឯកទេសរូប-គីមី ប្រចាំសាលាបាក់ទូក ដែលមានជំងឺប្រចាំកាយ ដុះសាច់ដុំគីសក្នុងតម្រង់នោម កំពុងសម្រាកព្យាលដោយវះកាត់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
ក្នុងរយៈកាលកន្លងមក គេតែងសង្កេតឃើញអតីតមិត្តរួមជំនាន់នៃសាលាបាក់ទូកមួយក្រុម ដែលផ្តួចផ្តើមចងក្រងឡើង ដោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង តែងបង្ហាញនូវសកម្មភាពទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ និងចែករំលែកធនធានជួយទុក្ខធុរៈ អតីតលោកគ្រូអ្នកគ្រូ មិនដែលមានខាន ព្រមទាំងជួយដល់មិត្តដែលជួបការលំបាកនិងខ្វះលទ្ធភាពគ្រប់ៗគ្នា។ សកម្មភាពយកចិត្តទុកដាក់ និងចែករំលែកធនធានជួយដល់អតីតលោកគ្រូអ្នកគ្រូ និងមិត្តដែលមានអាសន្នទាំងនេះ គឺជាមនោសញ្ចេតនា និងជាគោលការណ៍ក្នុងក្រុម ស្របតាមពាក្យស្លោកដែលពួកគាត់បានរួមគ្នាបង្កើតឡើងថា "សាមគ្គីមិត្តភាព បង្កើតចិត្តរមនា ចែករំលែកជួយគ្នា គ្រប់គ្រាលំបាក "៕
Post a Comment