ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា អញ្ជើញជួបសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយសិស្សនិទ្ទេស A ខេត្តបន្ទាយមានជ័យ
(បន្ទាយមានជ័យ)៖ នៅរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជួបសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយសិស្សនិទ្ទេស A ខេត្តបន្ទាយមានជ័យ ដែលមានការចូលរួមពីសំណាក់លោកនាយកសាលា នាយិកា លោកគ្រូ អ្នកគ្រូ និងសិស្សនិទ្ទេស A ចំនួន ១០០នាក់។
ក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា សូមសម្តែងនូវក្តីសប្បាយរីករាយ និងមានមោទកភាពចំពោះសិស្សានុសិស្សដែលបានខិតខំប្រលងបាននិទ្ទេស A បានដោយជោគជ័យចំនួន ៧៤ នាក់ដែលជាលទ្ធផលល្អសម្រាប់គ្រួសារ មុខមាត់ខេត្តបន្ទាយមានជ័យ និងសង្គមជាតិ។
លើសពីនេះ ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា បានផ្តល់អនុសាសន៍ណែនាំដល់សិស្សានុសិស្សទាំងអស់ត្រូវគិតគូរឱ្យបានច្បាស់លាស់ និងសុីជម្រៅពីជំហានបន្ទាប់របស់ខ្លួន ដោយត្រូវរើសជំនាញដែលខ្លួនស្រលាញ់ពេញចិត្ត និងខិតខំរៀនសូត្រ ដើម្បីក្លាយខ្លួនជាធនធានមនុស្សពិតប្រាកដសម្រាប់គ្រួសារ និងសង្គមជាតិ។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា បានសង្កត់ធ្ងន់ថា សិស្សានុសិស្សត្រូវជៀសឆ្ងាយពីគ្រឿងញៀន បងតូច បងធំ និងអំពើអបាយមុខផ្សេងៗ ដែលធ្វើឱ្យប៉ះពាល់ដល់អនាគត ដោយត្រូវប្រកាន់ខ្ជាប់នូវវិន័យ និងទម្លាប់ល្អៗ។
ជាថ្មីម្តងទៀត ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា សូមសម្តែងនូវការអបអរសាទរដល់សិស្សនិទ្ទេស A ទាំង ៧៤នាក់និងលេីកទឹកចិត្តដល់លោកគ្រូ អ្នកគ្រូ អាណាព្យាបាលទាំងអស់ បន្តខិតខំបង្ហាត់បង្រៀន និងកសាងធនធានមនុស្សបន្ថែមទៀតសម្រាប់សង្គមជាតិ៕
Post a Comment