ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជេីញជាអធិបតីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ !


(ខេត្តកោះកុង)៖ នៅព្រឹកថ្ងៃទី១០ ខែធ្នូ​ ឆ្នាំ២០២៤​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជេីញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសចូលកាន់មុខតំណែងលោកស្រី​ អែម សុធារ៉ា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកោះកុង នៅសាលមហោស្រពខេត្តកោះកុង។

ក្នុងឱកាសអញ្ជេីញជាអធិបតី ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត ទីណា សម្តែងនូវក្តីសោមនស្សរីករាយ និងអបអរសាទរដល់លោកស្រីប្រធានមន្ទីរថ្មី ដែលកាន់តំណែងជាប្រធានមន្ទីរកសិកម្មស្រ្តីទី១ ក្នុងប្រវត្តិសាស្ត្រកម្ពុជា។ ជាមួយគ្នានេះដែរ​ ឯកឧត្តមរដ្ឋម​ន្រ្តី​ បានកោតសរសេីរ​ និងវាយតម្លៃខ្ពស់នូវការខិតខំប្រឹងប្រែងរបស់អាជ្ញាធរខេត្តកោះកុង ក្រោមការដឹកនាំរបស់លោកជំទាវ ភូថង មិថុនា អភិបាលនៃគណៈអភិបាលខេត្តកោះកុង ដែលបានអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឱ្យមានភាពងាយស្រួល ឆាប់រហ័ស និងជួយដល់ការអភិវឌ្ឍវិស័យផ្សេងៗទៀត ជាពិសេសវិស័យកសិកម្ម។

ឆ្លៀតក្នុង​ឱកាសដ៏វិសេសវិសាល ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត ទីណា លេីកឡេីងអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧​ ដឹកនាំដោយសម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា​ ក្នុងការរក្សាស្ថេរភាពថ្លៃកសិផល​ សម្រាប់ប្រជាកសិករ​ និងអ្នកប្រេីប្រាស់​ ដោយពិនិត្យច្បាស់លាស់ពីតម្រូវការ និងការផ្គត់ផ្គង់ ការដាក់ពង្រាយមន្រ្តីកសិកម្មឃុំ​ ដែលជាជំនួយការតាមដានបច្ចេកទេស​របស់ប្រជាកសិករ​ និងរាយការណ៍បញ្ហាប្រឈមទាន់ពេលវេលា និងការកសាងសហគមន៍កសិកម្មទំនេីប​ ដែលមានភាពទំនើបកម្មការងារ អាចជួយប្រជាកសិករ​កាត់បន្ថយថ្លៃដេីមផលិត​ មានផែនការផលិតកម្មច្បាស់លាស់​ ទទួលបានកម្ចីដើមទុនការប្រាក់ទាប អាចផ្គត់ផ្គង់ទៅតាមតម្រូវការទីផ្សារ​ មានការគាំទ្របច្ចេកទេសពីក្រសួងកសិកម្ម វិនិយោគទទួលបានប្រាក់ចំនេញ និងមានហានិភ័យទាបនៃការប្រែប្រួលអាកាសធាតុ។

នៅចំពោះមុខអង្គពិធី ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត ទីណា បានថ្លែងបញ្ជាក់បន្ថែមអំពីគោលយោបាយអាទិភាពក្នុងវិស័យកសិកម្ម​ក្នុងការធានាឱ្យបាននូវសន្តិសុខស្បៀង​ និងនិរន្តរភាពសេដ្ឋកិច្ច​ និងបរិស្ថាន​ ធ្វេីយ៉ាងណាឱ្យប្រជាពលរដ្ឋ​ មានហូប​ មានប្រេី​ មានបាន​ និងមានរហូត​ ដែលលោកស្រីប្រធានមន្ទីរកសិកម្ម​ខេត្តកោះកុង ​ត្រូវយកចិត្តទុកដាក់​ពីដំណាក់កាលនីមួយៗឱ្យបានសុីជម្រៅគ្រប់អនុវិស័យ​ និងកំណត់អាទិភាពឱ្យចំគោលដៅ​ ដោយអនុវត្តស្របតាមកម្មវិធីគោលនយោបាយនេះប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងដោះស្រាយបញ្ហាប្រឈមនានាចំគោលដៅ។

ទន្ទឹមនឹងនេះដែរ​ ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត ទីណា បានផ្តល់អនុសាសន៍ដល់លោកស្រីប្រធានមន្ទីរ​ ត្រូវបង្ហាញនូវចំណេះជំនាញចូលរួមក្នុងវិស័យកសិកម្ម ឆ្លេីយតបទៅតាមតម្រូវការរបស់ប្រជាកសិករ​គ្រប់អនុវិស័យ បែងចែកតួនាទីភារកិច្ចរបស់មន្រ្តីក្រោមឱវាទឱ្យយល់ពីទិសដៅការងារ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយសហការជាមួយអាជ្ញាធរខេត្ត និងសហការជាមួយវិស័យផ្សេងៗទៀតឱ្យកាន់តែល្អប្រសើរ ជាពិសេសត្រូវមានសាមគ្គីភាព​ផ្ទៃក្នុង និងមានភាពឆ្លាតវៃក្នុងការដឹកនាំ។

សម្រាប់ការងារនយោបាយ​ ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត ទីណា ផ្តល់អនុសាសន៍លេីកទឹកចិត្តឱ្យចូលរួម​យ៉ាងសកម្ម​ និងលេីកឡេីងពីសមិទ្ធផលនានាដែលរដ្ឋាភិបាលសម្រេចបាន​ ជាពិសេស​ត្រូវមានការពន្យល់បកស្រាយនូវភាពមិនប្រក្រតីក្នុងករណីណាមួយ និងត្រូវតបតរនឹងការវាយប្រហារនានាពីជនខិលខូច​ ដោយត្រូវមានភស្តុតាងច្បាស់លាស់​ ជាក់ស្តែង​ និងឆ្លេីយតបឱ្យចំគោលដៅ។

ជាទីបញ្ចប់​នៃអង្គពិធី ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត ទីណា ជូនពរដល់លោកស្រីប្រធានមន្ទីរថ្មី អនុវត្តការងារឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ និងជូនពរដល់អង្គពិធី​ ទទួលបានជោគជ័យគ្រប់ភារកិច្ចការងារ​ និងទទួលបានលទ្ធផលល្អថ្មីៗបន្ថែមទៀតសម្រាប់មុខមាត់ខេត្តកោះកុង ក្រោមម្លប់សុខសន្តិភាព៕




















Theme images by Radius Images. Powered by Blogger.