ឯកឧត្តម ឃួង ស្រេង ទទួលជួបពិភាក្សាការងារ តំណាង ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍ «សាទរកម្ពុជា»
(ភ្នំពេញ)៖ សហភាពសហព័ន្ធយុវជនកម្ពុជាគ្រោងនឹងរៀបចំព្រឹត្តិការណ៍ដ៏ធំមួយនៅបរិវេណសួនច្បារមុខព្រះបរមរាជវាំងគឺព្រឹត្តិការណ៍«សាទរកម្ពុជា» ដែលកម្មវិធីនេះនឹងត្រូវធ្វើឡើងនាយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ចំថ្ងៃឆ្លងឆ្នាំសកល ឆ្នាំ២០២៥ ហើយព្រឹត្តិការណ៍នេះក៏ដើម្បីអបអរសាទរបុណ្យឆ្លងឆ្នាំសកលផងដែរ។
ពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍នេះ នារសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណ:អភិបាលរាជធានីភ្នំពេញ បានទទួលជួបពិភាក្សាការងារ ជាមួយឯកឧត្តម សំហេង បុរស តំណាងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍ «សាទរកម្ពុជា» និងក្រុមការងារ សហភាពសហព័ន្ធ យុវជនកម្ពុជា នៅសាលារាជធានីភ្នំពេញដើម្បីឱ្យគម្រោងរៀបចំព្រឹត្តិការណ៍ “សាទរកម្ពុជា” ប្រព្រឹត្តទៅដោយរលូនសប្បាយរីករាយនិងជោគជ័យ។
«សាទរកម្ពុជា» ឬ «Celebrating Cambodia» ជាព្រឹត្តិការណ៍នៃការអបអរសាទរដល់សង្គមមួយដែល ប្រកបដោយភាពរស់រវើក ជាមួយនឹងការបង្ហាញវិសេសភាពនៃអត្តសញ្ញាណ ដោយសមានចិត្តសោមនស្ស ចំពោះអ្វីៗដែលបានឆ្លងកាត់ និងបានជម្នះនិងការលើកតម្កើងមោទនភាពក្នុងភាពជាប្រជាជាតិតែមួយ។
ក្នុងឱកាសនោះឯកឧត្តម សំហេង បុរស បានមានប្រសាសន៍លើកឡើងថា៖ ព្រឹត្តិការណ៍នេះ ជាវេទិកាសម្រាប់ទាំងអស់គ្នា សាទរអត្តសញ្ញាណរួមគ្នាប្រកបដោយមោទនភាព ក្រោមទង់នៃប្រជាជាតិតែមួយ។ព្រឹត្តិការណ៍នេះធ្វើឡើង ក៏ដើម្បីអបអរសាទរបុណ្យឆ្លងឆ្នាំសកលឆ្នាំថ្មី២០២៥ បង្ហាញពីការអភិវឌ្ឍរីកចំរើនរបស់កម្ពុជា និងការគាំទ្រផ្តល់ស្នាមញញឹមពីប្រជាពលរដ្ឋកម្ពុជា។ ឯកឧត្តមសំហេង បុរស បន្តថាក្នុងឱកាសនោះក៏បានសម្តែងនូវការអរគុណចំពោះ ការគាំទ្រនិងការសម្របសម្រួល សហការគ្រប់បែបយ៉ាងពីរដ្ឋបាលរាជធានីភ្នំពេញ ក្នុងការរៀបចំព្រឹត្តិការណ៍នេះឡើង។ ការរៀបចំព្រឹត្តិការណ៍នេះ សហភាពសហព័ន្ធយុវជនកម្ពុជា បានស្នើសុំមករដ្ឋបាលរាជធានីភ្នំពេញដើម្បីចូលរួមសម្របសម្រួលចំនួន២៣ចំណុច ដែលមានទាំងការសុំទីតាំង រៀបចំតុបតែង ដំឡើងឆាកសម្តែង ការសម្រួលចរាចរនិងការបង្ហោះដ្រូនជាដើម។
ជុំវិញការស្នើសុំទាំង២៣ចំណុចនេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឯកភាព ដោយស្នើឱ្យក្រុមការងាររដ្ឋបាលរាជធានីភ្នំពេញសហការគ្នាជាមួុយសហភាពសហព័ន្ធយុវជនកម្ពុជាអនុវត្តព្រឹត្តិការណ៍នេះឱ្យទទួលបានជោគជ័យ ជាមួយនិងការគិតគូរពីការរក្សាសន្តិសុខ សុវត្ថិភាពអោយបានល្អប្រសើរទៀតផង។
ចំពោះ ព្រឹត្តិការណ៍ «សាទរកម្ពុជា»នេះនឹងរៀបចំឡើងដោយមានជាក្បួនដង្ហែសាទរកម្ពុជា មានមនុស្សចូលរួមប្រមាណ ៣០០០នាក់ ដែលមានតួយក្សចូលរួម ២០០យក្ស។ ការដង្ហែទង់ជាតិ និងគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា ដោយច្រៀង «បទនគររាជ» ទាំង៣វគ្គ។ មានសុន្ទរកថារបស់ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី។ ការសម្តែងរបាំជូនពរ។ ការសម្តែងរបាំសហសម័យ «សាទរកម្ពុជា»។ការសម្តែងសិល្បៈទស្សនីយភាពចម្រុះនិងចុងក្រោយគឺការរាប់ថយក្រោយឆ្លងឆ្នាំសកល ជាមួយទស្សនីយភាពកាំជ្រួច៕
ប្រភព៖ រដ្ឋបាលរាធានីភ្នំពេញ
https://t.me/spmhunsen
https://t.me/Dr_Hunmanetofcambodia
https://t.me/PPKhuongSreng
Post a Comment