ឯកឧត្តម នេត្រ ភក្រ្តា អញ្ជើញជាអធិបតី កិច្ចប្រជុំជាមួយអគ្គនាយកដ្ឋានរដ្ឋបាល.ហិរញ្ញវត្ថុនិងណែនាំអគ្គនាយិកាថ្មី

(ភ្នំពេញ)៖ ក្នុងឱកាសអញ្ជើញជួបប្រជុំជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុនៃក្រសួងព័ត៌មាននៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ នាសាលចតុម្មុខមង្គលទីស្តីការក្រសួង ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានធ្វើការណែនាំអោយបានស្គាល់ លោកជំទាវ ទេស ផល្លីន ដែលទើបត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងមុខតំណែងងជាអគ្គនាយិកា នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុថ្មី នៃក្រសួងព័ត៌មាន កាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤ កន្លងមកនេះ។


តាមរយៈតូនាទី និងភារកិច្ចថ្មីរបស់ លោកជំទាវ ទេស ផល្លីន នាឱកាសនេះ ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានស្នើដល់ថ្នាក់ដឹកនាំគ្រប់ផ្នែក គ្រប់ជំនាញ មន្ត្រីរាជការទាំងអស់នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុនៃក្រសួងព័ត៌មាន ត្រូវបន្តកិច្ចសហការសាមគ្គីគ្នា រួមគ្នាបំពេញកិច្ចការងារជារួមអោយបានកាន់តែល្អប្រសើរ និងទទួលបានលទ្ធផលថ្មីៗបន្តទៅមុខទៀត ។ ឯកឧត្តម បានបញ្ជាក់ថា អភិក្រមរបស់ក្រសួងព័ត៌មាន នៅតែរក្សាចាស់ បង្កើតថ្មី ដោយមិនបានលុបចោលស្នាដៃ និងកេរ្តិ៍ដំណែលអ្នកចាស់នោះទេ ព្រោះជាសមិទ្ធិផលរួមរបស់យើងទាំងអស់គ្នា។


ក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានធ្វើការរំលឹកដឹងគុណនូវរាល់ស្នាដៃ និងសមិទ្ធិផលការងារយ៉ាងច្រើនរបស់ ឯកឧត្តម លី វ៉ាន់ហុង អតីតអគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ នៃក្រសួងព័ត៌មាន ដែលបានទទួលមរណភាពទៅហើយក្តី តែបានបន្សល់ទុកនូវអនុវស្សាវរីយ៍ ក្តីស្រលាញ់រាប់អាន និងការជួយដល់ទុក្ខធុរៈដល់មន្ត្រីក្រោមឱវាទ ពិសេសបានចូលរួមចំណែកក្នុងការធ្វើអោយក្រសួងព័ត៌មាន មានការរីកចម្រើន មានកិច្ចសហការល្អជាមួយបណ្តាប្រទេសនានាជាច្រើន។


ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងនូវកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញកិច្ចការងាររបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអស់នៃក្រសួងព័ត៌មាន នៅក្នុងរយៈពេលជាង ១ឆ្នាំនៃអាណត្តិទី៧ នេះ ហើយក្នុងនោះ អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ បានពង្រឹង និងអនុវត្តន៍រាល់ភារកិច្ច និងតូនាទីរបស់ខ្លួនបានយ៉ាងល្អ ជាក់ស្តែងការទទួលចូល និងចេញឯកសារក្រសួងព័ត៌មាន ទៅតាមក្រសួង ស្ថាប័ននានា គឺមិនមានការបាត់ ឬកកស្ទះឯកសារ នោះទេ តាមរយៈច្រកចេញចូលតែមួយ។ ទន្ទឹមនេះ ការងារគ្រប់គ្រងធនធានមុស្ស តម្កើងកាំតាមសញ្ញាបត្រ គឺបានអនុវត្តទៅដោយរលូន ហើយក៏កំពុងពិនិត្យវាយតំលៃ ផ្តល់មេដាយ ដល់មន្ត្រី និងថ្នាក់ដឹកនាំក្រសួងព័ត៌មាន ថែមទៀតផងដែរ។


ឯកឧត្តម នេត្រ ភក្ត្រា បានបញ្ជាក់ថា ដំណើរការងាររដ្ឋបាល និងហិរញ្ញវត្ថ គឺសំខាន់ណាស់នៅពេលខាងមុខទៀត គឺជាអ្នកទ្រទ្រង់លើដំណើរប្រព្រឹត្តទៅធម្មតារបស់ក្រសួង បើមិនយកចិត្តទុកដាក់លើកិច្ចការងារ នេះទេ ដំណើរការងាររបស់ក្រសួងទាំងមូលក៏ពិបាកធ្វើ និងមិនមានការរីកចម្រើន។ នៅក្នុងដំណើរទៅមុខ កិច្ចការងាររដ្ឋបាល និងហិរញ្ញវត្ថុ គឺមានភាពចាំបាច់ដោយផ្តោតជាសំខាន់ទៅលើការងារកំណែទម្រង់រដ្ឋបាលសាធារណៈ។ ដូច្នេះហើយ ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ត្រូវបន្តកិច្ចខិតខំប្រឹងប្រែងរួមសហការសាមគ្គីគ្នា បំពេញកិច្ចការងារ តម្កល់ផលប្រយោជន៍ក្រសួងជាធំ៕










Theme images by Radius Images. Powered by Blogger.