លោក ថេង សុថុល អញ្ជើញសួរសុខទុក្ខនិងចែកអំណោយមនុស្សធម៌ដល់ប្រជាលរដ្ឋជីវភាពខ្វះខាតចំនួន ៦០គ្រួសារ
(ភ្នំពេញ)៖នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែតុលា ឆ្នាំ២០២៤ នៅបរិវេណវត្តមង្គលវ័ន ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌ៧មករា ដឹកនាំដោយលោក ថេង សុថុល ប្រធានកិត្តិយសអនុសាខា បានចុះសាកសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនដល់ចាស់ជរាគ្មានទីពឹង ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត សរុបចំនួន៦០គ្រួសារ ក្នុងនោះមកពីសង្កាត់មនោរម្យចំនួន ១០គ្រួសារ សង្កាត់អូរឫស្សីទី១ ចំនួន ២៣គ្រួសារ និងសង្កាត់អូរឬស្សីទី២ ចំនួន ២៧គ្រួសារ។
នាឱកាសនោះ លោក ថេង សុថុល បានលេីកឡេីងពីការយកចិត្តទុកដាក់គិតគូពីឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ និងជាពិសេសការយកចិត្តទុកដាក់គិតគូខ្ពស់ជាប់ជានិច្ចពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះសុខទុក្ខប្រជាពលរដ្ឋយេីងទូទាំងព្រះរាជាណាចក្រកម្ពុជា ជាពិសេសជនរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទ ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយយេីងមិនបានដឹង ហេីយមិនបានដោះស្រាយនោះឡេីយ ពោល “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល“។ លោកបានលេីកឡេីងថា៖ ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ជាក់ស្តែងដូចជាពេលនេះ គឺការជួយរបស់កាកបាទក្រហមកម្ពុជា ដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់។ ជាមួយគ្នានេះដែរ លោកប្រធានកិត្តិយសអនុសាខា ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ យកចិត្តទុកដាក់ពីសុខភាពអនាម័យក្នុងការរស់នៅ និងការហូបចុក ដើម្បីចៀសវាងពីជំងឺដង្កាត់ផ្សេងៗមកបៀតបៀន។
អំណោយមនុស្សធម៌ដែលផ្តល់ជូនក្នុង១គ្រួសារៗរួមមាន៖ អង្ករ២០គីឡូក្រាម ឃីត១កញ្ចប់ មី១កេស ទឹកសុទ្ធ១កេស ទឹកត្រីឬទឹកស៊ីអ៉ីវ១យួរ និងថវិកាចំនួន២ម៉ឺនរៀល៕
Post a Comment