ជំនួបសម្ដែងការគួរសម និងសំណេះសំណាលជាមួយក្រុមនិស្សិតអាហារូបករណ៍ (Stipendium Hungaricum) មុនចេញដំណើរទៅបន្តការសិក្សានៅប្រទេសហុងគ្រី
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសម្ដែងការគួរសម និងផ្តល់អនុសាសន៍ណែនាំជូនដល់និស្សិតអាហារូបករណ៍ (Stipendium Hungaricum) ចំនួន១៨រូប មុនចេញដំណើរទៅបន្តការសិក្សានៅប្រទេសហុងគ្រី។
ជាកិច្ចចាប់ផ្តើម និស្សិតអាហារូបករណ៍ទាំង១៨រូប បានណែនាំពីសមាសភាព ជំនាញ និងសាកលវិទ្យាល័យដែលខ្លួនត្រូវទៅបន្តការសិក្សានៅប្រទេសហុងគ្រី និងបានថ្លែងអំណរគុណដល់ឯកឧត្ដមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ដែលបានអនុញ្ញាតិទទួលជួប និងផ្តល់អនុសាសន៍ណែនាំ ដែលជាស្ពានសម្រាប់និស្សិតឱ្យទទួលបានជោគជ័យក្នុងបេសកកម្មសិក្សានាពេលខាងមុខនេះ។
មានប្រសាសន៍ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានរំលឹកដល់ប្រវត្តិនៃការវិវត្តន៍ប្រព័ន្ធអប់រំនៃប្រទេសហុងគ្រី មកទល់ពេលបច្ចុប្បន្ននេះ ដែលជាប្រព័ន្ធអប់រំអឺរ៉ុប និងត្រូវបានទទួលស្គាល់ពីគុណភាព និងប្រសិទ្ធភាព ក៏ដូចជាតម្លៃនៃការអប់រំជាសកល ពិសេសលើផ្នែកវិទ្យាសាស្ត្រ វិស្វកម្ម ផលិតកសិកម្ម និងផ្នែកជាច្រើនផ្សេងទៀត។ បន្ថែមលើនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បាននាំនូវការផ្តាំផ្ញើ សាកសួរសុខទុក្ខយកចិត្តទុកដាក់របស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ចូលរួមអបអរសាទរ និងកោតសរសើរដល់និស្សិតអាហារូបករណ៍ (Stipendium Hungaricum) ដែលទទួលបានឱកាសបន្តការរៀនសូត្រនៅប្រទេសហុងគ្រីនាពេលខាងមុខ និងបានចែករំលែកបទពិសោធពាក់ព័ន្ធនឹងការសិក្សានៅបរទេស ដូចជាការថែទាំសុខភាពឱ្យបានល្អ ត្រៀមសំលៀកបំពាក់ឱ្យបានរួចរាល់ និងការហូបចុកឱ្យបានត្រឹមត្រូវ ដើម្បីសម្របខ្លួនទៅនឹងអាកាសធាតុត្រជាក់ ត្រៀមខ្លួនសម្រាប់ការរស់នៅនិងការរៀនសូត្រនៅបរទេស ក៏ដូចជាទំនាក់ទំនងប្រចាំថ្ងៃជាដើម។
តាងនាមសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ណែនាំដល់ក្មួយៗនិស្សិតអាហារូបករណ៍ទាំងអស់ ឱ្យខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីទទួលបានបទពិសោធ និងចំណេះដឹងល្អៗ យកមកអភិវឌ្ឍប្រទេសជាតិឱ្យបានរីកចម្រើនថែមទៀត និងបានរំលឹកដល់និស្សិតទាំងអស់ ត្រូវថែរក្សាសុខភាពឱ្យបានរឹងមាំ មានរបបអាហារត្រឹមត្រូវ រៀនសម្របសម្រួលលើការរស់នៅ និងជីវិតប្រចាំថ្ងៃរបស់អឺរ៉ុប ដោយប្រកាន់ភ្ជាប់នូវវិន័យ សីលធម៍ សុជីវធម៌ និងគោរពច្បាប់ឱ្យបានខ្ជាប់ខ្ជួន។ លើសពីនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យក្មួយៗនិស្សិត មានភាពក្លាហានហ៊ានសួរសំណួរពេលមិនយល់ ឬមិនច្បាស់ចំណុចណាមួយ ត្រូវមានរបៀបរៀនសូត្រឱ្យច្បាស់លាស់ ដូចជាការសង្ខេបមេរៀន ស្វែងយល់ពីវប្បធម៌គេ តែកុំភ្លេចវប្បធម៌ខ្លួនឯង និងភាពអត់ធ្មត់ក្នុងការរស់នៅ និងចេះគ្រប់គ្រងហិរញ្ញវត្ថុ និងពេលវេលាឱ្យបានល្អ ទាំងការកម្សាន្ត និងការរៀនសូត្រ។
សារជាថ្មីម្តងទៀត ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី សូមចូលរួមអបអរសាទរចំពោះសមិទ្ធផលដែលក្មួយៗនិស្សិតសម្រេចបាន និងបានណែនាំឱ្យបន្តខិតខំប្រឹងប្រែងរៀនសូត្រ ចាប់យកជំនាញឱ្យបានច្បាស់លាស់ ដើម្បីទទួលបានលទ្ធផលល្អប្រសើរ និងក្លាយជាឯកទេសដែលមានសមត្ថភាព ក្នុងការចូលរួមកសាងប្រទេសជាតិ នៅពេលវិលត្រឡប់មកមាតុប្រទេសវិញ៕
Post a Comment