ឯកឧត្តម គួច ចំរើន អញ្ជើញបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងលើកទិសដៅការងារអនុវត្តបន្ត
(ខេត្តកណ្តាល)៖ ថ្លែងនៅក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងលើកទិសដៅការងារអនុវត្តបន្ត សម្រាប់ខែសីហា ឆ្នាំ២០២៤ កាលពីព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានថ្លែងនូវការកោតសរសើរដល់អាជ្ញាធរក្រុង-ស្រុក កងកម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់ មន្ត្រីរាជការ និងមន្ទីរអង្គភាពជុំវិញខេត្តទាំងអស់ ដែលបានចូលរួមអបអរសាទរ ការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ក្នុងទឹកដីខេត្តកណ្ដាលកាលពីថ្ងៃទី៥ សីហាទទួលបានលទ្ធផលគួចជាទីមោទនៈ។
ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមអភិបាលខេត្តកណ្តាល បានជំរុញដល់មន្ទីររៀបចំដែនដី សំណង់ និងសូរិយោងដីខេត្តកណ្ដាល ត្រូវពន្លឿនការងារចុះបញ្ជីដីលក្ខណៈជាប្រព័ន្ធឲ្យបានឆាប់ជូនប្រជាពលរដ្ឋទូទាំងខេត្តកណ្ដាល។ អាជ្ញាធរក្រុង-ស្រុកទាំង១៣ ត្រូវយកចិត្តទុកដាក់ក្នុងការចែកប្លង់ដីឲ្យដល់ដៃប្រជាពលរដ្ឋ ជាពិសេសត្រូវជួយសំរួលលើការងារឯកសារនានា ដែលពាក់ព័ន្ធនឹងការចុះបញ្ជីដីធ្លីលក្ខណ:ជាប្រព័ន្ធជូនប្រជាពលរដ្ឋផងដែរ។
បន្ថែមពីលើនេះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល បានណែនាំដល់ កងកម្លាំងប្រដាប់អាវុធគ្រប់ថ្នាក់ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ ក្នុងការរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធរណៈ និងស្ថេរភាពនយោបាយទាំងក្នុងភូមិសាស្ត្រខេត្ត ឱ្យកាន់តែល្អ រឹងមាំថែមទៀត ដើម្បីបន្តកិច្ចការអភិវឌ្ឍខេត្ត និងសេចក្តីសុខសប្បាយរបស់ប្រជាពលរដ្ឋ ជាពិសេសមន្ត្រីគ្រប់លំដាប់ថ្នាក់ត្រូវបន្តខិតខំប្រឹងប្រែងឱ្យសកម្មភាពថែម ចំពោះការដោះស្រាយបញ្ហា សំណូមពរនានា ដែលប្រជាពលរដ្ឋជួបប្រឈមដូចជា បញ្ហាទំនាស់ដីធ្លី និងបញ្ហផ្សេងៗទៀត។
ឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តកណ្តាល បានបញ្ជាក់ថា លើការងារផ្តល់សេវាជូនពលរដ្ឋ សូមឱ្យអាជ្ញាធរ ក្រុង-ស្រុកត្រូវតែខិតខំប្រើសេវា ឱ្យកាន់តែលឿនរហ័ស និងមានការជឿទុកចិត្ត លុបបំបាតនូវអំពើអសកម្មនានា កុំធ្វើឱ្យមានការថ្នាំងថ្នាក់ចិត្តពីសំណាក់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
Post a Comment