រដ្ឋមន្ត្រី នេត្រ ភក្រ្តា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើសេចក្តីព្រាងផែនការយុទ្ធសាស្ត្រអភិវឌ្ឍវិស័យព័ត៌មាននិងសោតទស្សន៍ ឆ្នាំ២០២៤-២០២៨ “ថ្មី ពិត និងទូលំទូលាយ ប្រកបដោយជំនឿទុកចិត្ត និងវិជ្ជាជីវៈដើម្បីផ្សារភ្ជាប់គ្រប់មជ្ឈដ្ឋាន”


(ភ្នំពេញ)៖ កិច្ចប្រជុំពិនិត្យលើសេចក្តីព្រាងផែនការយុទ្ធសាស្ត្រអភិវឌ្ឍវិស័យព័ត៌មាននិងសោតទស្សន៍ ឆ្នាំ២០២៤-២០២៨ បានធ្វើឡើង នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ នាទីស្តីការក្រសួងព័ត៌មាន ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធាន គណៈកម្មាធិការរៀបចំគោលនយោបាយ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍវិស័យព័ត៌មាន និងសោតទស្សន៍ របស់ក្រសួងព័ត៌មាន។

ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា «ក្រសួងព័ត៌មាន បាននិងកំពុងអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយ និងបទដ្ឋានច្បាប់ “ថ្មី ពិត និងទូលំទូលាយ ប្រកបដោយជំនឿទុកចិត្ត និងវិជ្ជាជីវៈដើម្បីផ្សារភ្ជាប់គ្រប់មជ្ឈដ្ឋាន” ហើយក្រសួងព័ត៌មាន ជាស្ថាប័នទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាល គ្រប់គ្រងលំហរព័ត៌មាន និងកិច្ចសហការធានានូវសន្តិសុខព័ត៌មាន»។

ក្រសួងព័ត៌មាន ត្រូវមានផែនទីបង្ហាញផ្លូវអំពីការងារអាទិភាព ដែលគ្រប់អង្គភាពចំណុះត្រូវអនុវត្តក្នុងរយៈពេល ៥ឆ្នាំ ដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រសិទ្ធភាពនៃការគ្រប់គ្រង និងអភិវឌ្ឍវិស័យព័ត៌មាន និងសោតទស្សន៍ សំដៅឆ្លើយតបទៅនឹងបំណងប្រាថ្នារបស់ប្រជាជន និងការផ្លាស់ប្តូរបរិបទនៃការអភិវឌ្ឍជាតិ និងអន្តរជាតិ ជាពិសេសរួមចំណែកដល់ការប្រែក្លាយប្រទេសកម្ពុជាពីប្រទេសដែលមានចំណូលមធ្យមកម្រិតទាប ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ដើម្បីរួមចំណែកធ្វើអោយសម្រេចបានកិច្ចការងារខាងលើនេះ ក្រសួងព័ត៌មាន នៅក្នុងអាណត្តិទី ៧ បានខិតខំបន្តការអភិវឌ្ឍន៍វិស័យព័ត៌មាន ដោយផ្តោតលើការលើក កម្ពស់ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធផ្សព្វផ្សាយព័ត៌មានគ្រប់ប្រភេទ និងការពង្រីក វិសាលភាពនៃការផ្សាយឱ្យបានកាន់តែទូលំទូលាយ និងគ្របដណ្តប់ទូទាំងប្រទេស តំបន់ និងសកល សម្រាប់ជាមធ្យោបាយក្នុងការបញ្ជ្រាបព័ត៌មានស្តីពីកម្ពុជា និងសមិទ្ធផលនៃការអភិវឌ្ឍប្រទេស។

តាមរយៈយុទ្ធសាស្ត្របញ្ចកោណ វិស័យព័ត៌មានបានរួមចំណែកដ៏សំខាន់ក្នុងទិសដៅកសាងឱ្យបាននូវអភិបាលកិច្ចល្អ ដោយប្រើប្រាស់គ្រប់មធ្យោបាយដើម្បីលើកកម្ពស់ការយល់ដឹងជាសាធារណៈ ប្រកបដោយតម្លាភាព គណនេយ្យ និងស័ក្តិសិទ្ធិភាព ដើម្បីចូលរួមសម្រេចឱ្យបាននូវបេសកកម្មដ៏ឧត្តុង្គឧត្តមក្នុងកិច្ចថែរក្សានិង ការពារ សមិទ្ធផលដ៏ធំធេង ការពារសន្តិភាព ស្ថិរភាព សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម និងការអភិវឌ្ឍប្រទេសដែល ជាគោលជំហរដ៏មោះមុតរបស់រាជរដ្ឋាភិបាលកម្ពុជា៕








Theme images by Radius Images. Powered by Blogger.