ឯកឧត្តម ប្រាក់ សារ៉ាត អញ្ជើញបើកកិច្ចប្រជុំការពង្រឹងការរៀបចំ និងការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ ទូទាំងខេត្តកណ្ដាល
(ខេត្តកណ្តាល)៖ ព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាល បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំការពង្រឹងការរៀបចំ និងការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ ដោយមានការចូលរួមពី អាជ្ញាធរក្រុង ស្រុក ទាំង១៣ លោក លោកស្រីមេឃុំ ចៅសង្កាត់ និងមន្ត្រីជំនាញពាក់ព័ន្ធ នៅសាលប្រជុំសាលាខេត្តកណ្តាល។
ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ថា៖ កិច្ចប្រជុំនៅពេលនេះ គឺមានគោលបំណងដើម្បីពង្រឹងការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ ឱ្យស្របតាមគោលការណ៍ណែនាំ បែបបទ និងនីតិវិធីនានា ដែលបានកំណត់នៅក្នុងច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ជាធរមាន។ចំពោះការអនុវត្តគម្រោងមូលនិធិអភិវឌ្ឍន៍ឃុំ សង្កាត់ គឺអនុលោមតាម សៀវភៅណែនាំ ស្តីពីការអនុវត្តគម្រោង មូលនិធិឃុំ សង្កាត់ ឬហៅកាត់ថា (ភីម) ដែលបានដាក់ឱ្យអនុវត្តដោយ គណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដែលបានចុះហត្ថលេខាដោយ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប ចុះ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧ គឺនៅតែមានសុពលភាពក្នុងការអនុវត្តចំពោះគម្រោងមូលនិធិឃុំ សង្កាត់ ដ៏ដែល។
ឯកឧត្តមអភិបាលរងខេត្ត បានបន្តទៀតថា ចំពោះលទ្ធផលនៃការអនុវត្តគម្រោង របស់រដ្ឋបាលឃុំសង្កាត់ទាំង១២៧ នៅក្នុងឆ្នាំ២០២៤នេះ មានគម្រោងសរុបចំនួន ១៧០គម្រោង ហើយមកដល់ពេលនេះ អនុវត្តបានលទ្ធផល គឺបានធ្វើកិច្ចលទ្ធកម្មរួច ចំនួន១៥១/១៧០គម្រោង ដោយបានចុះកិច្ចសន្យារួច ទាំង១៥១គម្រោង រីឯវឌ្ឍនភាពនៃ ១៥១គម្រោងនេះវិញ គឺ៖
-បានអនុវត្តចាប់ពី១០០% មានចំនួន ១៤គម្រោង
-បានអនុវត្តច្រើនជាង៥០% មានចំនួន ២៤គម្រោង
-បានអនុវត្តតិចជាង៥០% មានចំនួន ២០គម្រោង
-មិនទាន់បានចូលអនុវត្តចំនួន ៩២គម្រោង
-បានលប់ចោលកិច្ចសន្យា ចំនួន ០១គម្រោង
-រីឯគម្រោងនៅសល់ចំនួន ១៩/១៧០គម្រោងទៀត គឺកំពុងបន្តនីតិវិធីកិច្ចលទ្ធកម្ម។
ឯកឧត្តម ប្រាក់ សារ៉ាត ក៏បានណែនាំដល់ អាជ្ញាធរក្រុង ស្រុកទាំង១៣ លោក លោកស្រីមេឃុំ ចៅសង្កាត់ និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងការរៀបចំ និងការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ ឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា ស្របតាមគោលការណ៍ បែបបទ និងនីតិវិធីជាធរមាន ព្រមទាំងពង្រឹងការប្រើប្រាស់មូលនិធិឃុំ សង្កាត់ អភិវឌ្ឍន៍មូលដ្ឋានឱ្យកាន់តែចំគោលដៅ និងប្រកបដោយតម្លាភាព និងមានប្រសិទ្ធភាពខ្ពស់។
Post a Comment