ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ប្រកាសដាក់ឱ្យប្រើប្រាស់ធម្មនុញ្ញវិជ្ជាជីវ:សារព័ត៌មានកម្ពុជា
(ភ្នំពេញ)៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានប្រកាសដាក់ឱ្យប្រើប្រាស់ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកម្ពុជា ក្រោយពីធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននេះមានការជជែកពិភាក្សា និងចេញជាផ្លែផ្ការវាងសមាគមអ្នកសារព័ត៌មាន និងអ្នកសារព័ត៌មាននៅក្នុងសិក្ខាសាលានាពេលកន្លងមក។
ថ្លែងក្នុងសន្នីសីទសារព័ត៌មានស្ដីពីការផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់«ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកម្ពុជា» នារសៀលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងព័ត៌មាន ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជាគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់មួយនៃមូលដ្ឋានគ្រឹះរួមនៃក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន។
ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា មូលហេតុដែលចាំបាច់ សម្រាប់ការដាក់ឱ្យប្រើប្រាស់ធម្មនុញ្ញសារព័ត៌មាននៅកម្ពុជានេះ ក៏ដោយសារតែនៅក្នុងប្រទេសកម្ពុជាមានការរីកចម្រើននៃបច្ចេកវិទ្យាសារព័ត៌មាន ក្នុងនោះក៏មានការផ្លាស់ប្តូរទម្រង់នៃការផ្សព្វផ្សាយបែបបុរាណដែលសំដៅលើការផ្សាយតាមទូរទស្សន៍ ការសែត រោងពុម្ភជាដើម។ ផ្ទុយទៅវិញនៅពេលបច្ចុប្បន្ននេះការផ្សព្វផ្សាយតាមបែបទំនើបដែលសំដៅលើការផ្សព្វផ្សាយតាមប្រព័ន្ធអ៊ីនធឺណិត ដូចជាគេហទំព័រ ហ្វេសប៊ុក តិកតុក ឬក៏បណ្តាញទំនាក់ទំនងសង្គមផ្សេងៗទៀត។
ក្នុងកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកឡើងថា អ្វីដែលកំពុងតែប្រឈមនឹងធ្វើឱ្យគុណតម្លៃវិជ្ជាជីវៈសារព័ត៌មាននៅក្នុងប្រទេសកម្ពុជាគឺការបាត់បង់ជំនឿទុកចិត្តពីសាធារណជនចំពោះសារព័ត៌មាន គឺនៅពេលដែល កំណើនការផ្សព្វផ្សាយទំនើបកើនឡើង ហើយប្រព័ន្ធផ្សព្វផ្សាយនេះកើតចេញដំបូងផ្សាយបានបណ្តាញសង្គមហ្វេសប៊ុក តិកតុក រហូតដល់យកជាមូលដ្ឋាននៃការផ្សព្វផ្សាយព័ត៌មាន។
ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថានៅពេលបច្ចុប្បន្ននេះប្រព័ន្ធផ្សព្វផ្សាយដែលទទួលបានចុះបញ្ជីនៅក្រសួងព័ត៌មានមានប្រមាណ២ពាន់ស្ថាប័ន។ ក្នុងនោះមានគេហទំព័រ ធីវីអនឡាញ ដែលជាប្រភេទព័ត៌មានទំនើបថ្មីមានចំនួនជាង១ពាន់អង្គភាព កំពុងប្រតិបត្តិការផ្សាយ។ ប៉ុន្តែក៏មានសារព័ត៌មានអនឡាញមួយចំនួនដែលកំពុងប្រតិបត្តិការក៏មិនទាន់បានចុះបញ្ជីត្រឹមត្រូវនោះទេ ដែលក្រសួងព័ត៌មានកំពុងតែអំពាវនាវថែមទៀតឱ្យពួកគេមកចុះបញ្ជីស្របច្បាប់ដើម្បីប្រតិបត្តិការលើការងារផ្សព្វផ្សាយព័ត៌មាន។
ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្រ្ដា បានគូសបញ្ជាក់ទៀតថា អាជ្ញាបណ្ណដែលក្រសួងអនុញ្ញាតកន្លងមកគឺបង្កើតគេហទំព័រ តែគាត់មិនបានបង្កើតគេទំព័រទេ បែរជាបង្កើតត្រឹមតែហ្វេសប៊ុក ឬ TV អនឡាញ ឬគណនីហ្វេសប៊ុកជាសារព័ត៌មានតែប៉ុណ្ណោះ។ ឯកឧត្ដមរដ្ឋមន្ត្រី អះអាងថា ការធ្វើបែបនេះមិនស្របតាមច្បាប់ ដោយសារក្រសួងអនុញ្ញាតឱ្យបើកគេហទំព័រ តែគេបែរជាបើកហ្វេសប៊ុក ដែលចំណុចនេះគេមិនទាន់បានបំពេញលក្ខខ័ណ្ឌពេញលេញក្នុងច្បាប់ ដូចដែលការផ្តល់អាជ្ញាបណ្ណ៕
Post a Comment