ពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តមណ្ឌលគិរី និងបំពាក់គ្រឿងឥស្សរិយយសជូនបុគ្គលិកអប់រំ
(មណ្ឌលគិរី)៖ នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីក្នុង ពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តមណ្ឌលគិរី និងបំពាក់គ្រឿងឥស្សរិយយសជូនបុគ្គលិកអប់រំ ខេត្តមណ្ឌលគិរី ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងគណៈប្រតិភូ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវអភិបាលរង នៃគណៈអភិបាលខេត្ត លោកមេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ លោក លោកស្រី តំណាងមន្ទីរជុំវិញខេត្ត នាយក នាយិកា លោកគ្រូ អ្នកគ្រូ និងមន្ត្រីអប់រំ។
តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានចូលរួមអបអរសាទរចំពោះការចូលកាន់តំណែងប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តមណ្ឌលគិរី លោក លី សាមិ ប្រធានមន្ទីរ ទើបតែងតាំងថ្មី ជំនួស លោក ទឹម សង្វាត ដែលត្រូវចូលនិវត្តន៍។ ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានអបអរសាទរដល់លោកគ្រូ អ្នកគ្រូ មន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់ ដែលត្រូវបំពាក់គ្រឿងឥស្សរិយយសនៅថ្ងៃនេះ ដែលឆ្លុះបញ្ជាំងពីការយកចិត្តទុកដាក់ប្រឹងប្រែងអស់កម្លាំងកាយចិត្តបំពេញតួនាទីភារកិច្ចប្រកបដោយមនសិការ និងការទទួលខុសត្រូវខ្ពស់ ដើម្បីចូលរួមជាមួយរដ្ឋាភិបាលក្នុងការធ្វើកំណែទម្រង់វិស័យអប់រំនៅកម្ពុជា។
ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពដ៏សម្បូរបែបរបស់ខេត្តមណ្ឌលគិរីក្នុងអំឡុងជាងពីរទសវត្សរ៍មកនេះ និងបានរំលឹកដល់ការគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការបោះបង្គោលព្រំដែន ដើម្បីធានាបាននូវការការពារបូរណភាពដែនដីសម្រាប់អ្នកជំនាន់ក្រោយ មានព្រំដែនសន្តិភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ ក៏ដូចជាលើកឡើងនូវគោលនយោបាយអភិវឌ្ឍន៍ជាតិ ដែលបានជំរុញនូវការកែប្រែមុខមាត់របស់ខេត្តមណ្ឌលគិរី ឱ្យទៅជាខេត្តប្រកបដោយសក្តានុពលកសិកម្ម និងការអភិវឌ្ឍខាងផ្នែកអេកូទេសចរណ៍។
រាជរដ្ឋាភិបាល អាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជាបាន កំណត់យកនូវអាទិភាពគន្លឹះ ចំនួន ៥ សម្រាប់យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដែលមានមុំទី១ ផ្តោតលើការអភិវឌ្ឍមូលធមនុស្ស និងមុំទី៥ ផ្តោតលើការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល ដើម្បឈានទៅសម្រេចចក្ខុវិស័យកម្ពុជា ២០៥០។ ក្នុងន័យនេះ ការពង្រឹងវិស័យអប់រំ ដើម្បីអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាពដើរតួនាទីយ៉ាងសំខាន់ ដូច្នេះហើយក្នុងរយៈពេលជាង២០ឆ្នាំនៃសន្តិភាព រាជរដ្ឋាភិបាលបានសាងសង់សាលារៀនជាច្រើន និងផ្តល់ជូននូវការអប់រំប្រកបដោយសមធម៌ និងបរិយាប័ន្ន។
ក្រសួងបាន និងកំពុងបន្តយកចិត្តទុកដាក់ក្នុងការអនុវត្តកំណែទម្រង់វិស័យអប់រំ និងស្តង់ដាសាលារៀន ដែលក្នុងនោះ សម្រាប់មត្តេយ្យសិក្សា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកឡើងពីសារៈសំខាន់ នៃការបញ្ជូនកុមារទៅរៀននៅមត្តេយ្យ ដើម្បីអភិវឌ្ឍទាំងផ្នែកកាយសម្បទាន បញ្ញាសម្បទាន និងបំណិនជីវិត។ បច្ចុប្បន្នក្រសួងបានបង្កើតមត្តេយ្យធនធាន និងមត្តេយ្យសហគមន៍ និងបន្តពង្រឹងគុណភាពឱ្យក្លាយជាមត្តេយ្យស្តង់ដា។ សម្រាប់បឋមសិក្សា ក្រសួងបាន និងកំពុងលើកកម្ពស់ការបង្រៀនភាសាខ្មែរ ការអនុវត្តកញ្ចប់អំណានដំបូង និងគណិតវិទ្យាដំបូង។ ចំពោះមធ្យមសិក្សា ក្រសួងបន្តលើកកម្ពស់គុណភាពអប់រំ លទ្ធផលសិក្សាសិស្ស កែលម្អបរិស្ថានសិក្សា ការរៀន និងការបង្រៀន លើកកម្ពស់ជីវភាព និងតួនាទីគ្រូបង្រៀន ដំឡើងប្រាក់បៀវត្ស និងពង្រឹងគុណភាពគ្រូស្របតាមស្តងដាវិជ្ជាជីវៈគ្រូ ។ដោយឡែក នៅខេត្តចំនួន៤ គឺ ខេត្តមណ្ឌលគិរី រតនគិរី ស្ទឹងត្រែង និងក្រចេះ ក្រសួងផ្តល់ជូននូវការអប់រំពហុភាសា គឺការបង្រៀនភាសាជនជាតិដើមភាគតិច ដោយបានទទួលស្គាល់គ្រូជនជាតិដើមភាគតិចប្រមាណជាង ១០០នាក់ចូលបម្រើការងារអប់រំ ដើម្បីផ្តល់ឱកាសជនជាតិដើមភាគតិចទទួលបានការអប់រំប្រកបដោយគុណភាព ដើម្បីឈានទៅអភិវឌ្ឍសហគមន៍របស់ពួកគេ។ ក្នុងគោលដៅពង្រឹងគុណភាពគ្រឹះស្ថានសិក្សារដ្ឋចាប់ពីថ្នាក់មត្តេយ្យសិក្សាដល់ មធ្យមសិក្សា សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីបានដាក់ចេញវិធានគន្លឹះ ចំនួន ៤ ៖ (ទី១).ការពង្រឹងអភិបាលកិច្ចសាលារៀន, (ទី២).ការពិនិត្យកែសម្រួល និង រៀបចំកម្មវិធីសិក្សា, និង សកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របទៅតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង, វិន័យ, សីលធម៌ និង ឥរិយាបថរបស់សិស្ស, (ទី៣).ការយកចិត្តទុកដាក់លើសុខភាពរបស់សិស្ស និង(ទី៤).ការជំរុញ និងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍ ។
ជាថ្មីម្តងទៀត ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី សូមថ្លែងអំណរគុណ និងបន្តសហការជាមួយភាគីពាក់ព័ន្ធទាំងអស់ដើម្បីជំរុញឱ្យសាលាកាន់តែ ច្រើនថែមទៀតក្នុងខេត្តមណ្ឌលគិរី ប្រែក្លាយជាសាលារៀនគំរូដោយរំលេចថាខេត្តមណ្ឌលគិរី គឺជាខេត្តដែលមានអត្រាសិស្សប្រឡងជាប់ច្រើនផងដែរ៕
Post a Comment