ឯកឧត្តម នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មាន មានមុខងារសំខាន់គឺការងារពាក់ពន្ធ័ការគ្រប់គ្រងលើវិស័យព័ត៌មាន និងសោតទស្សន៍ ដែលស្របទៅនឹងច្បាប់ស្តីការបង្កើតក្រសួងព័ត៌មាន
(ភ្នំពេញ)៖ ក្រសួងព័ត៌មាន បានបង្កើតឡើងតាំងពីថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលជាការរួមបញ្ចូលគ្នារវាង អគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជា SPK អគ្គនាយកដ្ឋានវិទ្យុជាតិ និងអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ដែលកាលនោះ ស្ថាប័ននីមួយៗគឺស្ថិតក្រោមចំណុះក្រុមប្រឹក្សារដ្ឋមន្ត្រីផ្ទាល់, ចំពោះអគ្គនាយកដ្ឋានកាសែតកម្ពុជា ជាស្ថាប័នចំណុះផ្ទាល់របស់រណៈសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា។ នេះការគូសបញ្ជាក់រំលឹកឡើងវិញរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើការរៀបចំនិងប្រព្រឹត្តទៅរបស់ការិយាល័យចំណុះឱ្យនាយកដ្ឋាន នៃអគ្គនាយកដ្ឋាននីមួយៗ ចំណុះអោយក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ នាសាលព្រះវិហារទីស្តីការក្រសួងព័ត៌មាន។
ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា ក៏បានរលឹកឡើងវិញផងដែរទាក់ទងការរៀបចំច្បាប់ស្តីពីរបបសារព័ត៌មាន ដែលត្រូវបានប្រកាសអោយប្រើប្រាស់ដោយព្រះរាជក្រម ចុះថ្ងៃទី០១ ខែកញ្ញា ឆ្នាំ១៩៩៥ ។ រាជរដ្ឋាភិបាល បានដាក់ចេញអនុក្រឹត្យ ចុះថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៩៩ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងព័ត៌មាន ដោយមាន អគ្គនាយកដ្ឋានចំនួន ៤ ជាចំណុះ អគ្គនាយកដ្ឋានរដ្ឋបាល និងសោតទស្សន៍ , អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា, អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា,អគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជា និងមាននាយកដ្ឋាន សរុបចំនួន ២៤ ចំណុះ រួមទាំង អធិការដ្ឋាន មណ្ឌលបណ្តុះបណ្តាលវិក្រឹត្យការ និងវិជ្ជាជីវៈសារព័ត៌មាន។
នៅឆ្នាំ២០០៧ ដើម្បីឆ្លើយតបតាមបរិបទការងារ រាជរដ្ឋាភិបាលបានធ្វើការកែសម្រួល អគ្គនាយកដ្ឋានរដ្ឋបាល សោតទស្សន៍ ជាអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ និង អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ដែលធ្វើអោយក្រសួងព័ត៌មាន មានអគ្គនាយកដ្ឋានចំនួន ៥ចំណុះ។
ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ចាប់តាំងពីការកែសម្រួលចុងក្រោយនៅឆ្នាំ២០០៧ មកគឺមានរយៈពេលជិត ២០ឆ្នាំហើយ ដែលក្រសួងព័ត៌មាន មិនបានធ្វើការកែសម្រួលរចនាសម្ពន្ធ័ និងមុខងារថ្មីនោះទេ។
បច្ចុប្បន្នដោយយោងការវិវឌ្ឍនៃសង្គម ការរីកចំរើននៃបច្ចេកវិទ្យា និងដើម្បីចូលរួមចំណែកអនុវត្តន៍យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ជាពិសេសដើម្បីគ្រប់គ្រង និងប្រើប្រាស់ធនធានមនុស្ស និងថវិកាប្រកបដោយប្រសិទ្ធិភាពខ្ពស់ ក្រសួងព័ត៌មាន បានសិក្សារៀបចំ និងគោរពស្នើសុំការកែសម្រួលរចនាសម្ពន្ធ័អោយបានរៀបរយផ្អែកលើរចនាសម្ព័ន្ធដែលមានស្រាប់សំដៅប្រែក្លាយក្រសួងព័ត៌មានទៅជាស្ថាប័នទំនាក់ទំនងសាធារណៈរបស់រដ្ឋាភិបាលប្រកបដោយបុរេសកម្ម សកម្ម អន្តរសកម្ម ប្រសិទ្ធិភាព និងប្រសិទ្ធិផល ផ្អែកលើអភិក្រមថ្មី ពិត លឿន និងទូលំទូលាយ ប្រកបដោយជំនឿទុកចិត្ត និងវិជ្ជាជីវៈ ដើម្បីផ្សារភ្ជាប់គ្រប់មជ្ឈដ្ឋាន។ ក្រសួងព័ត៌មាន បានពិនិត្យ និងវិភាគមុខងារក្រសួងឡើងវិញស្របតាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាលស្តីពីការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ពន្ធ័ក្រសួង ស្ថាប័ន។ ក្នុងក្របខណ្ឌនេះ ក្រសួងព័ត៌មាន បានរៀបចំឡើងវិញនូវសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងព័ត៌មាន សំដៅកែសម្រួល និងបំពាក់បន្ថែមនូវមុខងារ ភារកិច្ចលើរចនាសម្ពន្ធ័ចាស់ និងតម្លើងរចនាសម្ព័ន្ធប្រភេទគាំទ្រ គឺផ្នែករដ្ឋបាល បុគ្គលិក ហិរញ្ញវត្ថុ តាមអគ្គនាយកដ្ឋាននីមួយៗ ពីមុខងារថ្នាក់ស្មើអនុប្រធាននាយកដ្ឋាន មកនាយកដ្ឋានវិញ ចំនួន ៤ នាយកដ្ឋាន និងបានច្របាច់នាយកដ្ឋានមួយចំនួនបញ្ចូលគ្នាលើរចនាសម្ព័ន្ធរបស់ខ្លួនឱ្យស្របទៅនិងកម្មវិធីកំណែទម្រង់វិស័យព័ត៌មាន និងសោតទស្សន៍ ដែលបានដាក់ចេញនៅក្នុងនីតិកាលទី៧ នៃរដ្ឋសភា ស្របទៅនឹងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។
ការកែសម្រួលនេះត្រូវបានធ្វើឡើងក្នុងគោលបំណងអនុវត្តន៍កំណែទម្រង់ និងពង្រឹងអភិបាលកិច្ចល្អលើវិស័យព័ត៌មាន និងសោតទស្សន៍ ដោយយកចិត្តទុកដាក់លើការធានានូវគុណភាពព័ត៌មាន សន្តិសុខព័ត៌មាន និងប្រសិទ្ធិភាពការងារ៕
Post a Comment