បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន អញ្ជើញសំណេះសំណាលជាមួយបុគ្គលិកមន្ទីរអប់រំយុវជននិងកីឡាខេត្តកំពង់ឆ្នាំង



(ខេត្តកំពង់ឆ្នាំង)៖ នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញជួបសំណេះសំណាលជាមួយបុគ្គលិកអប់រំ នៃមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា អភិបាលរងខេត្តកំពង់ឆ្នាំង បុគ្គលិកមន្ទីរអប់រំ យុវជន និងកីឡាខេត្ត លោកគ្រូ អ្នកគ្រូ សរុបប្រមាណ ១៤១នាក់។

តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់មន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់នៃ មន្ទីរអប់រំ  យុវជន និងកីឡា ខេត្តកំពង់ឆ្នាំង ដែលរៀបចំពិធីសំណេះសំណាលនេះឡើង ក៏ដូចជាអភិបាលរងខេត្តកំពង់ឆ្នាំង ដែលតែងសហការជួយគាំទ្រដល់វិស័យអប់រំ។ គោលដៅនៃពិធីសំណេះសំណាល គឺដើម្បីជម្រាបជូនពីគោលនយោបាយរាជរដ្ឋាភិបាលអាណត្តិទី ៧ ជាពិសេសគឺចំណុចគន្លឹះដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញក្នុងវិស័យអប់រំ ដើម្បីឆ្លើយតបនឹងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលវិស័យអប់រំ គឺជាវិស័យគន្លឹះ ចាំបាច់ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកម្ពុជា។

មានប្រសាសន៍ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានរំលឹកឡើងវិញ អំពីការខិតខំប្រឹងប្រែងស្តារ និងវិនិយោគលើវិស័យអប់រំជាង ៤០ឆ្នាំមកនេះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលសម្រេចបាននូវសមិទ្ធផលជាច្រើន និងការបន្តការប្តេជ្ញាចិត្តជំរុញកំណែទម្រង់វិស័យអប់រំ របស់រដ្ឋាភិបាលនិតីកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ដើម្បីជំរុញដឹកនាំកម្ពុជាឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ២០៥០។

ជាមួយនេះដែរ ឯកឧត្តមបណ្ឌិតសភា ឧបនាយករដ្ឋមន្ត្រី បានលើកឡើងពីសសរស្តម្ភនៃកំណែទម្រង់វិស័យអប់រំ ៥ចំណុច ទី១  គឺការអនុវត្តគោលនយោបាយ គ្រូបង្រៀន ដែលក្នុងនោះ រួមមាន ការកែលម្អប្រាក់ខែគ្រូ ការគាំទ្រ និងទាក់ទាញអ្នកមានសមត្ថភាពចូលធ្វើគ្រូបង្រៀន លើកកម្ពស់តួនាទី និងកិត្តិយសគ្រូបង្រៀន និងបន្តពង្រឹងគុណវុឌ្ឍិគ្រូ ដោយគូសបញ្ជាក់ថា គ្រូបង្រៀនមានសមត្ថភាព ទើបអាចបង្រៀនកូនសិស្សឱ្យចេះ និងពូកែ។ ក្រសួងក៏បាន និងកំពុងបន្តកែលម្អកម្មវិធីសិក្សា ហើយខេត្តដែលមានចំនួនសាលាគំរូច្រើនជាងគេ នឹងត្រូវទទួលស្គាល់ជាខេត្តគំរូ ប្រធានមន្ទីរគំរូ ពង្រឹងការបណ្តុះបណ្ដាលនាយក ដោយលើកទឹកចិត្តអ្នកដែលមានស្នាដៃ ហើយក្រសួងនឹងជ្រើសរើសសាលារៀន ១៣០ទៀតឱ្យទៅជាសាលាគំរូដើម្បីជួយគាំទ្រ និងពង្រឹងបន្ថែមជាបន្តបន្ទាប់។

ដើម្បីអនុវត្តនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ឱ្យមានប្រសិទ្ធភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានរំលឹកដល់វិធានគន្លឹះក្នុងវិស័យអប់រំចំនួន ៤ ដែលដាក់ចេញដោយសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ដែលក្នុងនេះរួមមាន៖ ទី១). ការពង្រឹងអភិបាលកិច្ចសាលារៀន, ទី២). ការពិនិត្យ កែសម្រួល និងរៀបចំកម្មវិធីសិក្សា, និង សកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របទៅតាមតម្រូវការក្នុងការពង្រឹង ចំណេះដឹង, វិន័យ, សីលធម៌ និងឥរិយាបថរបស់សិស្ស, ទី៣).ការយកចិត្តទុកដាក់លើសុខភាពរបស់សិស្ស តាមរយៈកម្មវិធី អាហារូបត្ថម្ភ ដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាម សាលារៀន, និងទី៤). ការជំរុញ និងលើកទឹកចិត្តការចូលរួមរបស់ មាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍ក្នុងការអប់រំស្របតាម ពាក្យស្លោក «ភាពជាដៃគូរដ្ឋ និង សហគមន៍ ដើម្បីការអប់រំ»។

ក្រសួងអប់រំ យុវជន និងកីឡា នឹងបន្តអនុវត្តអាទិភាពកំណែទម្រង់វិស័យអប់រំ កំណែទម្រង់សាលារៀន វិទ្យាស្ថានបណ្តុះបណ្ដាលគ្រូ ដោយផ្តោតលើអំណានដំបូង គណិតវិទ្យាដំបូងនៅបឋមសិក្សា និងនៅមធ្យមសិក្សា បន្តពង្រឹងវិធីសាស្ត្របង្រៀនថ្មី លើកកម្ពស់សុខភាពសិក្សា ផ្តោតលើការអប់រំឌីជីថល បន្តផ្តោតលើយុវជន និង កីឡា លើកកម្ពស់លទ្ធផលសិក្សាសិស្ស និងកំណែទម្រង់ឧត្តមសិក្សា៕















Theme images by Radius Images. Powered by Blogger.