សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងព័ត៌មាន ឧបត្ថម្ភអង្ករវីតាមីន ចំនួន ២០០កេស ជូនដល់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតដើម្បីប្រើប្រាស់តាមតម្រូវការ
(ភ្នំពេញ)៖ សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ក្រសួងព័ត៌មានដឹកនាំដោយលោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្ត្រា ប្រធានកិត្តិយសសមាគម បាននាំយកអង្ករវីតាមីនចំនួន ២០០កេស មកប្រគល់ជូនដល់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដែលបានប្រព្រឹត្តទៅនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤។
លោកវេជ្ជបណ្ឌិត ចាន់ វិចិត្រ នាយករងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតបានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តសប្បុរសធម៌របស់សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងព័ត៌មាន ដែលមានលោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្ត្រា ជាប្រធានកិត្តិយស បាននាំមកនូវអំណោយជាអង្ករវីតាមីនចំនួន ២០០ កេសជូនដល់មន្ទីរពេទ្យ ដើម្បីប្រើប្រាស់តាមតម្រូវការ ហើយសម្រាប់ការឧបត្ថម្ភនូវអង្ករវីតាមីននេះ ដែលជាស្បៀងដ៏ចាំបាច់បំផុត សម្រាប់ជួយជាអាហារូបត្ថម្ភដល់មនុស្សគ្រប់វ័យ ពិសេសមនុស្សចាស់ និងកុមារតែម្ដង។
នៅក្នុងឱកាសនោះ លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្ត្រា បានជម្រាបជូនអំពីសកម្មភាពរបស់ សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ក្រសួងព័ត៌មានក្នុងការបំពេញការងារមនុស្សធម៌ និងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាដើម្បីជួយដល់អ្នកខ្វះខាតជីវភាព និងផ្តល់នូវអំណោយមនុស្សធម៌ផ្សេងទៀត។ ជាមួយគ្នានេះ លោកជំទាវបានវាយតម្លៃខ្ពស់ចំពោះមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតដែលបានផ្តល់នូវសេវាព្យាបាលជូនដល់បងប្អូនប្រជាពលរដ្ឋប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ វិជ្ជាជីវៈនិងគុណភាព។
នៅក្នុងឱកាសនោះផងដែរ លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្ត្រា ប្រធានកិត្ដិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្ដិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មាន និងគណៈប្រតិភូ បានអញ្ជើញទស្សនកិច្ចទីតាំងព្យាបាលរបស់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ផ្នែកចក្ខុរោគ ដែលក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យទទួលព្យាបាលអ្នកជំងឺទូទៅជាប្រចាំថ្ងៃ។
Post a Comment