ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញជួបសំណេះសំណាលជាមួយកម្មសិក្សាការីចំនួន ៧១រូប នៃក្រសួងព័ត៌មាន
(ភ្នំពេញ)៖ ក្នុងឱកាសអញ្ជើញជួបសំណេះ សំណាល និងណែនាំដល់កម្មសិក្សាការី ចំនួន ៧១រូប ដែលបានបំពេញលក្ខខណ្ឌបញ្ចប់កម្មសិក្សាដោយជោគជ័យនៅតាមបណ្តាអង្គភាពនានា ក្នុងក្របខណ្ឌមន្ត្រីរាជការក្រសួងព័ត៌មាន សម្រាប់ឆ្នាំ២០២៣ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា នៅក្នុងអាណត្តិរាជរដ្ឋាភិបាលទី៧ នេះ គឺជាដំណាក់កាលនៃការពង្រឹងក្របខណ្ឌការងារនៃការកែទម្រង់រដ្ឋបាលសាធារណៈ ដោយក្នុងនោះ
ក្រសួងព័ត៌មាន បានរៀបចំផែនការអភិវឌ្ឍធនធានមនុស្សសម្រាប់ការបន្តវេនទៅមុខ។
ដូច្នេះកម្មសិក្សាការីទាំង ៧១រូប ដែលបានបំពេញលក្ខខណ្ឌបញ្ចប់កម្មសិក្សា ក្នុងក្របខណ្ឌមន្ត្រីរាជការក្រសួងព័ត៌មាន ហើយនឹងត្រូវតាំងស៊ប់នាពេលខាងមុខ អ្នកដែលមិនទាន់បានទៅសិក្សា ត្រូវទៅរៀននៅសាលាភូមិន្ទរដ្ឋបាល ដើម្បីបានយល់ដឹងពីលក្ខន្តិកៈមន្ត្រីរាជការ និងកិច្ចការងារផ្សេងៗទៀតជាច្រើនដែលជាតូនាទីភារកិច្ចរបស់មន្ត្រីរាជការ ។ តាមរយៈនេះដែរ ក្រសួងព័ត៌មាន នឹងរៀបចំវគ្គបណ្តុះបណ្តាលផ្ទៃក្នុងដើម្បីតម្រង់ទិសដល់មន្ត្រីថ្មី អោយយល់ពីតូនាទី រចនាសម្ពន្ធ័ក្រសួងព័ត៌មាន ពិសេសការពង្រឹងភាពរឹងមាំនៃមូលដ្ឋានរបស់ខ្លួនក្នុងការអនុវត្តន៍តូនាទីភារកិច្ចតាមជំនាញនីមួយៗកុំអោយជាន់គ្នា ហើយត្រូវមានស្មារតីសាមគ្គីភាព និងការទទួលខុសត្រូវខ្ពស់ កុំអោយគិតពីប្រយោជន៍បុគ្គល។
ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកឡើងថា ដំណើរការងារជាមន្ត្រីរាជការចាប់ពីនេះទៅមុខ ២០ ទៅ ៣០ ឆ្នាំ តើយើងត្រូវធ្វើការអភិវឌ្ឍខ្លួនយ៉ាងដូចម្ល៉េច តើចង់ធ្វើអ្វីដែលជាគោលដៅរបស់ខ្លួន ហើយទាមទារអោយមានការខិតខំប្រឹងប្រែងកែឆ្នៃខ្ពស់ ដើម្បីសម្រេចបានគោលដៅទៅថ្ងៃអនាគត។
ក្រសួងព័ត៌មាន ក្នុងគោលដៅប្រែក្លាយក្រសួង ព័ត៌មានឱ្យទៅជាស្ថាប័នទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាលដែល សកម្ម បុរេសកម្ម អន្តរសកម្ម ហើយប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់។
រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ក្នុងនោះគឺការអភិវឌ្ឍមូលធនមនុស្ស ដោយផ្តោតលើចំណុចបីសំខាន់ ទី១ គឺធនធានមនុស្ស អ្នកដែលមានចំណេះ ជំនាញច្បាស់លាស់ , ទី២ គុណាធិតេយ្យ សំដៅទៅលើសមត្ថភាព និងស្នាដៃ ទី៣ ផ្តោតទៅលើសីលធម៍ ចរិយាធម៍ និងគុណធម៍ របស់មន្ត្រី៕
Post a Comment