សិក្ខាសាលាស្តីពី “កម្មវិធីបណ្តុះបណ្តាលភាពជាអ្នកដឹកនាំក្នុងប្រព័ន្ធអប់រំ សម្រាប់អ្នកដឹកនាំ និងអ្នកអប់រំគ្រូបង្រៀន”



(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ ២០២៤  វិទ្យាស្ថានជាតិអប់រំ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាស្តីពី “កម្មវិធីបណ្តុះបណ្តាលភាពជាអ្នកដឹកនាំក្នុងប្រព័ន្ធអប់រំ សម្រាប់អ្នកដឹកនាំ និងអ្នកអប់រំគ្រូបង្រៀន” ដែលសហការរៀបចំ ដោយសមាគមអតីតនិស្សិតសាកលវិទ្យាល័យជុឡាឡុងកន និងវិទ្យាស្ថានជាតិអប់រំ និងមានចូលរួមពីសំណាក់ សាស្ត្រាចារ្យមកពីមហាវិទ្យាល័យអប់រំ នៃសាកលវិទ្យាល័យជុឡាឡុងកន សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ នៃវិទ្យាស្ថានជាតិអប់រំ សរុបប្រមាណ ១០០នាក់។

តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះមហាវិទ្យាល័យអប់រំ ជុឡាឡុងកន ដឹកនាំដោយ Prof. Dr. Preut Siribanpitak ក៏ដូចជាលោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំទាំងអស់ នៃវិទ្យាស្ថានជាតិអប់ ដែលបានរៀបចំឱ្យមានសិក្ខាសាលាប្រកបអត្ថន័យនេះឡើង។ កម្មវិធីនេះមិនត្រឹមតែបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងស្ថាប័នអប់រំប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីការប្តេជ្ញាចិត្តក្នុងការជំរុញឱកាសសិក្សាសម្រាប់សិស្សានុសិស្ស និងអ្នកអប់រំកម្ពុជាដើម្បីស្វែងយល់បន្ថែមអំពីភាពជាអ្នកដឹកនាំផ្នែកអប់រំដែលជំរុញការផ្លាស់ប្តូរជាវិជ្ជមានក្នុងវិស័យអប់រំ ក៏ដូចជាផ្តល់ឱ្យអ្នកចូលរួមនូវទិដ្ឋភាពសំខាន់ៗមួយចំនួននៃភាពជាអ្នកដឹកនាំក្នុងប្រព័ន្ធអប់រំ បច្ចេកទេសបង្រៀនដើម្បីបង្កើនប្រសិទ្ធភាពអប់រំ ការអប់រំផ្អែកលើលទ្ធផល និងភាពជាពលរដ្ឋសកល តាមរយៈកិច្ចពិភាក្សា និងការចែករំលែកនូវឧត្តមានុវត្តក្នុងវិស័យអប់រំជាសាកល។



តាមរយៈសិក្ខាសាលានេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រីជឿជាក់យ៉ាងមុតមាំថាអ្នកចូលរួមទាំងអស់នឹងបោះជំហានដ៏សំខាន់មួយឆ្ពោះទៅរកការពង្រឹងជំនាញភាពជាអ្នកដឹកនាំ និងការពង្រីកចំណេះដឹងថ្មីៗ និងឧត្តមានុវត្តក្នុងវិស័យអប់រំ ព្រមទាំងការបង្កើតបណ្តាញចាំបាច់ដើម្បីឈានទៅលើកកម្ពស់ការអនុវត្តការងារអប់រំប្រកបដោយចក្ខុវិស័យ។

ជាមួយនេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានគូសរំលេចអំពី អាទិភាពនៃកំណែទម្រង់គោលនយោបាយអប់រំក្នុងក្របខ័ណ្ឌសសរស្តម្ភ ៥ ដែលផ្តោតលើ (ទី១)៖ ការអនុវត្តផែនការសកម្មភាពគោលនយោបាយរបស់គ្រូ (ទី២)៖ ការពិនិត្យឡើងវិញនូវកម្មវិធីសិក្សា និងសៀវភៅសិក្សា និងកែលម្អបរិស្ថានសិក្សា (ទី៣)៖ ការអនុវត្តអធិការកិច្ច (ទី៤)៖ ការពង្រឹងរង្វាយតម្លៃសិក្សាដូចជាការប្រឡងរង្វាយតម្លៃថ្នាក់ជាតិ តំបន់ និងអន្តរជាតិ និង (ទី៥)៖ កំណែទម្រង់ឧត្តមសិក្សា។

ជាផ្នែកមួយនៃកំណែទម្រង់វិស័យអប់រំផងដែរ ក្រសួងអប់រំបានដាក់ឱ្យអនុវត្តស្តង់ដាសាលារៀនគំរូចំនួន ៥ ក្នុងគោលដៅលើកកម្ពស់គុណភាពអប់រំទូទាំងប្រទេស ចាប់ពីកម្រិតមត្តេយ្យសិក្សាដល់កម្រិតមធ្យមសិក្សា ដែលរួមមាន ៖ (ស្តង់ដាទី១)៖ លទ្ធផលសិក្សារបស់សិស្ស (ស្តង់ដាទី២)៖ ការបង្រៀននិងរៀន (ស្តង់ដាទី៣)៖ ការចូលរួមរបស់សហគមន៍ (ស្តង់ដាទី៤)៖ ដំណើរប្រតិបត្តិការ និងរដ្ឋបាលសាលារៀន (ស្តង់ដាទី៥) ៖ គណនេយ្យភាពរបស់សាលារៀន។

ក្នុងឆ្នាំ២០២៤នេះ សាលារៀនចំនួន ៣៤៧ ត្រូវបានជ្រើសរើសជាសាលារៀនគោលដៅសម្រាប់ការអនុវត្តស្តង់ដាសាលារៀនគំរូ ដើម្បីធ្វើអធិការកិច្ច ផ្តល់ការគាំទ្រ និងជំរុញឱ្យប្រែក្លាយជាសាលាគំរូនាពេលអនាគត៕












Theme images by Radius Images. Powered by Blogger.