លោកជំទាវ ពេជ្រ ម៉ារ៉ែន ដឹកនាំសមត្ថកិច្ចពាក់ព័ន្ធចុះអនុវត្តសាលដីកាស្ថាពរ តុលាការកំពូល ដោយប្រើយុទ្ធសាស្ត្រឈ្នះទាំងអស់គ្នា
(ខេត្តតាកែវ)៖ នាថ្ងៃព្រហស្បតិ៍ ០៧កើត ខែជេស្ធ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ លោកជំទាវ ពេជ ម៉ារ៉ែន ប្រធានសាលាដំបូងខេត្តតាកែវ បានដឹកនាំសមត្ថកិច្ចពាក់ព័ន្ធចុះដល់ទីតាំងដី ដែលមានជម្លោះរវាងឈ្មោះ សុខ ធាវី ម្ចាស់បំណុល និងលោក ហុង យ៉ន កូនបំណុល ស្ថិតនៅភូមិត្របែក ឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ ដើម្បីអនុវត្តតាមអំណាចសាលដីការដ្ឋប្បវេណីស្ថាពររបស់តុលាការកំពូល។
លោកជំទាវ ពេជ ម៉ារ៉ែន ប្រធានសាលាដំបូងខេត្តតាកែវ បានអញ្ជើញចុះទៅដល់សាលាឃុំស្រង៉ែ ដើម្បីមានមតិស្វាគមន៍សមត្ថកិច្ចពាក់ព័ន្ធតាមអង្គភាពនានា និងភាគីដែលពាក់ព័ន្ធដោយភាពរាក់ទាក់ និងស្និទ្ធស្នាលបំផុត ព្រមទាំងប្រាប់ពីគោលបំណង នៃការចុះមកអនុវត្តដល់ទីតាំងដីដោយផ្ទាល់។ លោកជំទាវ ប្រធានសាលាដំបូងខេត្តតាកែវ ក៌បានពន្យល់ប្រាប់ពីគោលបំណងនៃការចុះមកអនុវត្តនេះ ដោយលោកជំទាវប្រធាន បានពន្យល់ប្រាប់ដល់ភាគីជម្លោះថា ការចុះមកអនុវត្តនេះ គឺអនុលោមតាមអំណាចសាលដីការដ្ឋប្បវេណីស្ថាពរ របស់តុលាការកំពូលលេខ ២៤៩ "ឌ" ចុះថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ ដើម្បីប្រគល់ដីនិងផ្ទះដល់ម្ចាស់បំណុល តាមអំណាចសាលដីកាខាងលើ។ ការចុះមកនេះ ក្រៅតែពីការយោងតាមការសម្របសម្រួល របស់តុលាការកំពូលហើយនោះ ក៏បានយោងទៅតាមការណែនាំរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ដែលការណែនាំនេះ ក្នុងគោលបំណងធ្វើយ៉ាងណា ឱ្យមានភាពចំណេញ និងសម្រួលដល់ការលំបាកនានាជូនដល់ប្រជាពលរដ្ឋ។
ចុងបញ្ចប់ លោកជំទាវ ពេជ ម៉ារ៉ែន ប្រធានសាលាដំបូងខេត្តតាកែវ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សមាសភាព ដែលបានចូលរួមទាំងអស់ នឹងបានសហការយ៉ាងល្អ ប្រកបដោយសាមគ្គីភាពទទួលខុសត្រូវដ៏ខ្ពស់ ដែលបានចូលរួមអនុវត្តតាមអំណាចសាលដីកាស្ថាពរ របស់តុលាការកំពូល៕
Post a Comment