សិក្ខាសាលាស្តីពីការបំប៉នការអនុវត្តស្តង់ដាសាលារៀនគំរូ

(ខេត្តកំពង់ចាម)៖ ឯកឧត្តមបណ្ឌិត អ៊ុម រមណ្យី រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលា ស្តីពី "ការបំប៉នការអនុវត្តស្តង់ដាសាលារៀនគំរូ" ដោយមានការចូលរួមពីគណៈកម្មការបច្ចេកទេសតំបន់ទាំង៥ មន្ទីរអប់រំ យុវជន និងកីឡារាជធានី/ខេត្តទាំង២៥ និងវិទ្យាល័យធនធានទាំង៥០ នៅសាលាគរុកោសល្យ និងវិក្រឹតការ ខេត្តកំពង់ចាម។ សិក្ខាសាលានេះមានគោលបំណងចំនួន៣ រួមមាន៖ (១). ពិនិត្យមើលវឌ្ឍនភាព និងបញ្ហាប្រឈមនៃការអនុវត្តស្តង់ដាសាលារៀនគំរូ សម្រាប់សាលារៀនគោលដៅ (២). ផ្តល់នូវការពន្យល់ បកស្រាយ និងអនុវត្តស្តង់ដាសាលារៀនគំរូបន្ថែម ដើម្បីឱ្យទទួលបានលទ្ធផលកាន់តែប្រសើរឡើង និង(៣). ដាក់ចេញនូវទិសដៅកែលម្អ ជាពិសេសផែនការបង្វឹកតាមសាលារៀនគោលដៅ ដើម្បីសម្រេចបានតាមស្តង់ដាសាលារៀនគំរូនាចុងឆ្នាំ។

ឯកឧត្តមបណ្ឌិត រដ្ឋលេខាធិការ បានបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា បានចេញប្រកាសដាក់ឱ្យអនុវត្តស្តង់ដាសាលារៀនគំរូដែលមានលក្ខណៈសម្បត្តិដូចតទៅ៖ ទី១). សាលារៀនមានគណនេយ្យភាពជាមួយសហគមន៍ និងសម្រេចបាន ស្តង់ដាសាលារៀនគំរូ ទី២). សាលារៀនមានស្វ័យភាពក្នុងការងារផែនការកែលម្អសាលារៀន ផែនការកែលម្អថ្នាក់រៀន និងផ្តល់ការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំដល់គណៈគ្រប់គ្រង និងគ្រូបង្រៀន ទី៣). សិស្សត្រូវបានធ្វើតេស្តស្តង់ដាប្រកបដោយតម្លាភាព និងយុត្តិធម៌ ដើម្បីបម្រើដល់ការកែលម្អការបង្រៀននិងរៀន ការជួយសិស្សរៀនយឺត និងផ្តល់ព័ត៌មានដល់មាតាបិតា ឬអ្នកអាណាព្យាបាល និងសហគមន៍ ទី៤). គ្រូបង្រៀនប្រើប្រាស់លទ្ធផលតេស្ត ដើម្បីកែលម្អការបង្រៀន និងទទួលបានការអភិវឌ្ឍគុណវុឌ្ឍិជាប្រចាំ ទី៥). ការបង្កើតសកម្មភាពក្រៅម៉ោងសិក្សា ដើម្បីការអប់រំចរិយាធម៌ និងសីលធម៌ ទី៦). ការយកចិត្តទុកដាក់ដល់សុខភាពសិក្សា និងទី៧). ការចូលរួមរបស់មាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍ ក្នុងការគាំទ្រ និងអភិវឌ្ឍសាលារៀន។

ដើម្បីគាំទ្រការអនុវត្តស្តង់ដាសាលារៀនគំរូ ក្រសួងបានចេញសេចក្តីណែនាំស្តីពី ការអនុវត្តស្តង់ដាសាលារៀនគំរូ ប្រកាសស្តីពីការដាក់ឱ្យអនុវត្តស្តង់ដាសាលារៀនគំរូ បង្កើតគណៈកម្មការដឹកនាំ និងគណៈកម្មការបច្ចេកទេសអនុវត្តស្តង់ដាសាលារៀនគំរូទាំងបីកម្រិត ក្រុមការងារចុះជួយគាំទ្រតាមតំបន់ទាំង៥ ដោយមានសមាសភាពចម្រុះថ្នាក់ជាតិ និងថ្នាក់រាជធានី-ខេត្ត។ ជាមួយនេះ ក្រសួងបានរៀបចំឯកសារ ឧបករណ៍គាំទ្រនានាក្នុងការអនុវត្តសាលារៀនគំរូ និងបានផ្តល់ជូនសាលារៀន និងអ្នកពាក់ព័ន្ធ រួមជាមួយនឹងផែនការសកម្មភាពចុះគាំទ្រ និងបង្វឹកច្បាស់លាស់ ដើម្បីសម្រេចចំណុចដៅស្តង់ដាសាលារៀនគំរូ តាមរយៈការប្រើប្រាស់កម្លាំងសរុប និងធនធានសរុប ដោយឱ្យអង្គភាពពាក់ព័ន្ធសម្រួចអាទិភាព និងដាក់ចេញនូវសកម្មភាពលើការសម្រេចស្តង់ដាសាលារៀនគំរូ រួមទាំងការគាំទ្រពីគម្រោងនានា៕

២៤ មិថុនា ២០២៤
















Theme images by Radius Images. Powered by Blogger.