លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្ត្រា បានដឹកនាំសមាជិកា សមាគមនារី ចុះចែកអំណោយជាកាបូបនិងសម្ភារសិក្សាជូនដល់សិស្សានុសិស្ស


(ខេត្តក្រចេះ)៖ លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្ត្រា ប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍សាខាក្រសួងព័ត៌មានបានដឹកនាំសមាជិកាសមាគមនារីចុះចែកអំណោយជាកាបូប និងសម្ភារសិក្សាជូនដល់សិស្សានុសិស្សនៃសាលាបឋមសិក្សាក្បាលជួរ និងបឋមសិក្សាកាំពី ក្នុងស្រុកចិត្របុរី ខេត្តក្រចេះ សរុបជាង ៣០០នាក់ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤។

នេះជាការបង្ហាញពីការយកចិត្តទុកដាក់និងការចែករំលែករបស់សមាគមនារីនៃក្រសួងព័ត៌មាន ថ្នាក់ដឹកនាំជាស្ត្រីចំពោះកុមារាកុមារីនៅតាមតំបន់ជនបទដើម្បីទទួលបានសម្ភារសិក្សា និងលើកទឹកចិត្តដល់ក្មួយៗសិស្សានុសិស្សខិតខំប្រឹងប្រែងសិក្សារៀនសូត្រឱ្យបានពូកែនិងក្លាយជាធនធានមនុស្សដ៏ល្អ និងជាសសរទ្រូងដ៏រឹងមាំរបស់ប្រទេសជាតិនាថ្ងៃអនាគត។



លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្ត្រា ប្រធានសមាគមនារីនៃក្រសួងព័ត៌មានបានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាននិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ក៏ដូចជាថ្នាក់ដឹកនាំនៃខេត្តក្រចេះជូនចំពោះក្មួយៗសិស្សានុសិស្សនិងលើកទឹកចិត្តដល់សិស្សានុសិស្សខិតខំប្រឹងប្រែងសិក្សារៀនសូត្រក្រេបចំណេះវិជ្ជាពីលោកគ្រូអ្នកគ្រូ និងធ្វើជាកូនល្អ សិស្សល្អ និងពលរដ្ឋល្អ។

សមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍សាខាក្រសួងព័ត៌មានបានផ្តល់ជូនសិស្សានុសិស្សចំនួន ៣០៧ នាក់ក្នុងនោះរួមមានកាបូបមួយ សម្ភារសិក្សារួមមានសៀវភៅ ប៉ិច ខ្មៅដៃ និងអាវយឺត។ សម្រាប់លោកគ្រូអ្នកគ្រូមានការផ្តល់ជូននូវអង្ករ និងគ្រឿងបរិភោគផងដែរ៕









Theme images by Radius Images. Powered by Blogger.