ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA)ដឹកនាំដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ
(ខេត្តកំពង់ធំ)៖ នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត យុវជន និងអាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ ចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅភូមិគ្រើល ឃុំអណ្តូងពោធិ៍ ស្រុកតាំងគោក ខេត្តកំពង់ធំ សរុបចំនួន២.៩៣៨នាក់ ស្មើនឹង៥.១៦៦ករណី ស្ថិតនៅក្នុងបរិវេណសាលាអនុវិទ្យាល័យ-បឋមសិក្សា ហ៊ុន សែន គ្រើលអណ្តូងពោធិ៍។
ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានមានប្រសាសន៍ថា កម្មវិធីពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋក្នុងថ្ងៃនេះគឺជាលើកទី០៤ និងជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់ ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការលើកកម្ពស់វិស័យសុខាភិបាល ពិសេសសុខភាពសាធារណៈ។ ប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំពិតមានសេចក្តីសប្បាយរីករាយ និងដឹងគុណយ៉ាងខ្លាំងចំពោះសមានចិត្តដ៏ថ្លៃថ្លារបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ដែលតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ។ ក្នុងរយៈពេល១ថ្ងៃនេះ បងប្អូនប្រជាពលរដ្ឋក្នុងស្រុកតាំងគោក នឹងទទួលបានសេវាពិនិត្យ និងព្យាបាលជំងឺ ដោយក្រុមគ្រូពេទ្យដែលមានបទពិសោធ និងជំនាញឯកទេសខ្ពស់ផងដែរ។
មានប្រសាសន៍សំណេះសំណាលជាមួយប្រជាពលរដ្ឋនាឱកាសនោះ លោកជំទាវបណ្ឌិត បានគូសបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចធិបតី ហ៊ុន ម៉ាណែត សម្តេចតែងតែយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខ និងសុខភាពរបស់បងប្អូនប្រជាពលរដ្ឋ តាមរយៈការបង្ខិតសេវាព្យាបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ ជាក់ស្ដែងថ្ងៃនេះសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ បានចុះពិនិត្យនិងព្យាបាលជំងឺ ជូនប្រជាពលរដ្ឋនៅក្នុង ស្រុកតាំងគោក ខេត្តកំពង់ធំនេះ ដោយឥតគិតថ្លៃអ្វីទាំងអស់ រួមមានជំងឺ៖ ជំងឺទូទៅ, ជំងឺមាត់ធ្មេញ, ពិនិត្យអេកូ និងរោគស្រ្តី, ជំងឺបេះដូង, ពិនិត្យជំងឺភ្នែក, វះកាត់តូច, ជំងឺឫសដូងបាត, ជំងឺសន្លាក់, ជំងឺសើរស្បែក, ជំងឺត្រចៀក ច្រមុះ បំពងក, ថតកាំរស្មី, ពិនិត្យឈាម, និងបញ្ជូនទៅព្យាបាលបន្តក្នុងករណីមានជំងឺធ្ងន់ធ្ងរ ប្រកបដោយបេះដូង ទឹកចិត្តមនុស្សធម៌ និងស្នាមញញឹម ដែលសកម្មភាពនេះ បានបង្កើតឡើងអស់រយៈពេល១២ឆ្នាំមកហើយ។
ប្រជាពលរដ្ឋដែលអញ្ជើញមកទទួលសេវាពិនិត្យ និងព្យាបាលសុខភាពទាំងអស់ បានសម្តែងក្តីសប្បាយរីករាយ និងថ្លែងអំណរគុណជាអនេក ចំពោះលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលបានដឹកនាំក្រុមគ្រូពេទ្យជំនាញ ចុះមកពិនិត្យ និងព្យាបាលសុខភាពរបស់ពួកគាត់ស្ទើរតែដល់ខ្នងផ្ទះ និងមិនមានការបង់ថ្លៃអ្វីទាំងអស់។
សូមបញ្ជាក់ថា ក្រុមគ្រូពេទ្យ និងកម្លាំងស្ម័គ្រចិត្តនៃសមាគម (TYDA) ព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋដោយគិតថ្លៃ នាឱកាសនេះ សរុបមានចំនួន២.៩៣៨នាក់ ស្មើនឹង ៥១៦៦ ករណី។ ក្នុងនោះករណីឈឺធ្ងន់ធ្ងរត្រូវបញ្ជូនមកព្យាបាលបន្តមានចំនួន៧៧នាក់។ រាល់ការចំណាយទាំងអស់ ក្នុងសកម្មភាពនេះ គឺឧបត្ថម្ភដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែតផ្ទាល់។
ក្រៅពីការពិនិត្យ និងព្យាបាលជំងឺ លោកជំទាវបណ្ឌិត បានចែកជូននៅកាបូប ស្ពាយ ទៅដល់សិស្សានុសិស្សមួយចំនួនទៀតផងដែរ។
Post a Comment