សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្ដម អឺអិណុ អាហ្សឺហ្ស៉ី ( UENO Atsushi ) ឯកអគ្គរាជទូតជប៉ុន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ៩ រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័កពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានឧត្តម ប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្ដម អឺអិណុ អាហ្សឺហ្ស៉ី ( UENO Atsushi ) ឯកអគ្គរាជទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលសម្តែងការគួរសម និងពិភាក្សាការងារនៅវិមាន ៧មករា រាជធានីភ្នំពេញ។
ឯកឧត្តម ឯកអគ្គរាជទូតជប៉ុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងរីករាយយ៉ាងខ្លាំង ដែលសម្តេចតេជោ បានឆ្លៀតឱកាសដ៏មមាញឹកអនុញ្ញាតអោយ ឯកឧត្តម បានជួបសម្ដែងការគួរសមនៅពេលនេះ ហើយសង្ឃឹមថានឹងបានជួបជាមួយ សម្តេចតេជោ ជាបន្តបន្ទាប់ទៀតនៅពេល សម្តេចតេជោ ធ្វើជាប្រធានព្រឹទ្ធសភា។
ឯកឧត្តម ឯកអគ្គរាជទូតជប៉ុន បានអបអរសាទរចំពោះ សម្តេចតេជោ ដែលនឹងត្រូវក្លាយជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃស្អែកនេះ ហើយសង្ឃឹមថាទំនាក់ទំនងរវាងជប៉ុន និង កម្ពុជា នឹងត្រូវបានពង្រឹងពង្រីកថែមទៀតទាំងក្របខណ្ឌសភា រដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ។
ជាការឆ្លើយតប សម្តេចតេជោ បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ ឯកឧត្តម ឯកអគ្គរាជទូត ដែលបានឆ្លៀតពេលជួបសម្ដែងការគួរសម សម្តេច និងបានអបអរ សម្ដេចក្លាយជាប្រធានព្រឹទ្ធសភា។ ឆ្លៀតក្នុងឱកាសនេះ សម្ដេច បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកអគ្គរាជទូតជប៉ុន ដែលបានសម្របសម្រួលរៀបចំបានយ៉ាងល្អ ជូនចំពោះ សម្តេច នៅពេលដែល សម្តេច បានអញ្ជើញទៅពិនិត្យកែវភ្នែកនៅប្រទេសជប៉ុន កាលពីដើមឆ្នាំ២០២៤ កន្លងទៅ។ សម្ដេចតេជោ ក៏បាន ថ្លែងអំណរគុណ ជប៉ុន ដែលបានរៀបចំអោយ សម្តេច ជួបមិត្តភក្តិទាំងឡាយ ជាពិសេសអរគុណចំពោះ ឯកឧត្តមនាយករដ្ឋមន្ត្រីជប៉ុន គីស៊ីដា ហ៊ីមីអូ ដែលបានទទួលជួប សម្តេច ទោះបីជា សម្តេច មិនមានតួនាទីជា នាយករដ្ឋមន្ត្រីក៏ដោយ។
សម្តេចតេជោ បានគូសបញ្ជាក់ថា នៅពេលដែល សម្តេច ធ្វើជាប្រធានព្រឹទ្ធសភា សម្តេច នឹងបន្តពង្រឹងពង្រីកទំនាក់ទំនងជាមួយជប៉ុនអោយកាន់តែខ្លាំងក្លាទៀត ជាពិសេសស្ថាប័នរដ្ឋសភា ដើម្បីជាប្រយោជន៍ ដល់ប្រទេស និងប្រជាជននៃប្រទេសទាំងពីរ។
មុននឹងបញ្ចប់ សម្តេចតេជោ តាមរយៈ ឯកឧត្តម ឯកអគ្គរាជទូតជប៉ុន សូមផ្ដាំផ្ញើការសួរសុខទុក្ខរបស់ សម្តេច ជូនចំពោះឯកឧត្តម នាយករដ្ឋមន្ត្រីជប៉ុន គីស៊ីដា ហ៊្វាមីអូ និងបានជូនពរដល់ ឯកឧត្តម ឯកអគ្គរាជទូត សូមអោយមានសុខភាពល្អបរិបូរណ៍ និងទទួលបានជោគជ័យគ្រប់ភារកិច្ច៕
Post a Comment