ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធឈរជើងក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ
នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អមដោយឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធឈរជើងក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យទាំង ១៩អង្គភាព ក្នុងឱកាសអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ២០២៤ នៅសាលាខេត្តបន្ទាយមានជ័យ។ក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានផ្តាំផ្ញើនូវការនឹករឭកពីក្រុមការងារទាំងអស់ ចំពោះបងប្អូនដែលជាកងកម្លាំងប្រដាប់អាវុធនៅក្នុងមូលដ្ឋានខេត្តបន្ទាយមានជ័យ។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា សកម្មភាពជួបសំណេះសំណាល និងសួរសុខទុក្ខ គឺជាការបន្តប្រពៃណីនៃផ្សារភ្ជាប់រវាងប្រជាជនស៊ីវិល និងកងកម្លាំងយោធា ដែលបង្ហាញពីសាមគ្គីភាពរឹងមាំជាមួយគ្នា ដើម្បីសង្គមជាតិ។ បើតាមឯកឧត្តមរដ្ឋមន្ត្រី គ្រឿងឧបភោគបន្តិចបន្តួចនេះ គឺជាទឹកចិត្តពីក្រុមការងាររាជរដ្ឋាភិបា់លជូនដល់បងប្អូនកងកម្លាំងយោធា ហើយក្រុមការងាររាជរដ្ឋាភិបាល នឹងចុះជួបគ្រប់អង្គភាពទាំងអស់ ដើម្បីបង្កើនភាពជិតស្និទ្ធជាមួយនឹងកងកម្លាំងគ្រប់ប្រភេទទាំងអស់ក្នុងខេត្ត ធ្វើយ៉ាងណាឱ្យបណ្តាអង្គភាពនីមួយៗមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបំពេញភារកិច្ចរបស់ខ្លួនក្នុងការការពារសន្តិសុខជាតិ និងព្រំដែន។ ក្នុងនាមប្រធានក្រុមការងាររាជរដ្ឋាភិបាល ឯកឧត្តមរដ្ឋមន្ដ្រីបានគូសបញ្ជាក់អំពីការងារដែលត្រូវធ្វើបន្ត គឺពិនិត្យអង្គភាពទាំងអស់ជុំវិញរាជរដ្ឋាភិបាលថ្នាក់ក្រោមជាតិ ក្នុងការជួយដោះស្រាយបញ្ហាប្រឈមនានា និងចែករំលែកបទពិសោធល្អៗ ដើម្បីសម្រេចគោលដៅប្រែក្លាយខេត្តបន្ទាយមានជ័យ ជាខេត្តដែលផ្តល់សេវាសាធារណៈល្អដាច់គេក្នុងប្រទេស។ ដូច្នេះសន្តិសុខ សុវត្ថិភាព និងការពារព្រំដែនក៏ជាការរួមចំណែកមួយសំខាន់ដើម្បីឈានទៅសម្រេចគោលដៅនេះផងដែរ។ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានជូនពរក្នុងឱកាសឆ្នាំថ្មីនេះ ដល់កងកម្លាំងទាំងអស់ និងបងប្អូនប្រជាពលរដ្ឋខេត្តបន្ទាយមានជ័យ សូមទទួលបានសុខសុភមង្គលគ្រប់ក្រុមគ្រួសារ និងរីកចម្រើនបន្តទៀត៕
Post a Comment