ជនសង្ស័យ០៣នាក់ពាក់ព័ន្ធករណីលួច និងប្រើប្រាស់សារធាតុញៀនត្រូវអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ
(ភ្នំពេញ)៖ កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៤ មានជនសង្ស័យចំនួន០៣នាក់ បានចូលលួច ខ្សែភ្លើង កាមេរ៉ា និងសម្ភារៈផ្សេងៗទៀត នៅចំណុចក្បែរផ្ទះលេខ៦តេ ផ្លូវ២៨៩ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ បន្ទាប់ពីទទួលបានបណ្តឹងផ្ទាល់មាត់របស់ជនរងគ្រោះ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោក បានចុះដល់ទីតាំងកើតហេតុដើម្បីស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនបានជនសង្ស័យចំនួន០៣នាក់ និងចាប់យកវត្ថុតាង៖ ម៉ូតូកង់បីពណ៌ក្រហមសម្រាប់ជិះធ្វើសកម្មភាព ០១គ្រឿង រួមនឹងសម្ភារមួយចំនួនទៀត។ ជនទាំង០៣នាក់ រួមមាន៖
១-ឈ្មោះផា សុភ័ក្ត្រ ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបររត់ផាស់អាប់
២-ឈ្មោះ គីម លឹម ហៅ លី ភេទប្រុស អាយុ៣២ឆ្នាំ
៣-ឈ្មោះ ចាន់ ធីម ភេទប្រុស អាយុ២២ឆ្នាំ។
ក្រោយពេលស្តាប់ចម្លើយជនសង្ស័យទាំង០៣នាក់ បានសារភាពឲ្យដឹងដូចគ្នាថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពលួចយកសម្ភារនៅទីតាំងខាងលើពិតប្រាកដមែន និងជាមុខសញ្ញាធ្លាប់លួចជាច្រើនលើកថែមទៀតផង ហើយពួកខ្លួនក៏ជាមុខសញ្ញាប្រើប្រាស់សារធាតុញៀនយ៉ាងសកម្មផងដែរ។
បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ខាងលើ រួមទាំងវត្ថុតាង ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
Post a Comment