ឯកឧត្តមរដ្ឋមន្រ្តី ជា សុមេធី អញ្ជើញជាអធិបតីបើកសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រៀបចំពិធីបើកសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៤។ ពិធីបើកសន្និបាតរៀបចំឡើងក្រោមអធិបតីភាព ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវជននីតិសម្បទាន។ពិធីបើកសន្និបាតនេះ ក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំអង្គភាពស្ថិតក្រោមសមត្ថកិច្ចក្រសួង ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានី-ខេត្ត ព្រមទាំងតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ តំណាងអង្គការសង្គមស៊ីវិលជាដៃគូអភិវឌ្ឍន៍ទាំងជាតិ និងអន្តរជាតិផងដែរ។

សន្និបាតដែលធ្វើឡើងរយៈពេលមួយថ្ងៃកន្លះនេះ បានអនុញ្ញាតឱ្យថ្នាក់ដឹកនាំអង្គភាពជំនាញឡើងធ្វើបទអន្តរាគមន៍ ក៏ដូចជាការផ្តល់មតិផ្សេងៗពីថ្នាក់ដឹកនាំក្រសួង ដើម្បីកែលំអរចំណុចខ្វះខាត ក៏ដូចជាផ្តល់ជាទស្សនទានល្អៗបន្ថែមជំរុញឱ្យការងារកាន់តែល្អប្រសើរ។ ពិធីបិទសន្និបាតនឹងត្រូវធ្វើឡើងនៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

សូមបញ្ជាក់ថា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានបង្កើតតាមព្រះរាជក្រមលេខ នស/រកត/០១០៥/០០១ ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ២០០៥។ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បំពេញបេសកកម្មជាសេនាធិការឱ្យរាជរដ្ឋាភិបាល លើការដឹកនាំនិងគ្រប់គ្រងវិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទានៃព្រះរាជាណាចក្រកម្ពុជា។ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាមានមុខងារ និងភារកិច្ចរៀបចំ និងអនុវត្តគោលនយោបាយ យុទ្ធសាស្ត្រទិសដៅ និងផែនការរួមរបស់រាជរដ្ឋាភិបាល ក្នុងវិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, រៀបចំគោលនយោបាយ ផែនការយុទ្ធសាស្រ្តផែនការសកម្មភាព គោលដៅ ទិសដៅ កម្មវិធី យន្តការក្នុងការគ្រប់គ្រង ដឹកនាំ ចាត់ចែង ផ្តល់សេវាគាំពារដល់មុខសញ្ញាក្នុងវិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, កសាង និងអនុវត្តលិខិតបទដ្ឋានគតិយុត្ត គោលការណ៍ណែនាំ និងផែនការពាក់ព័ន្ធនឹងវិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាស្របតាមលិខិតបទដ្ឋានជាតិ និងអន្តរជាតិ, សិក្សាស្រាវជ្រាវបែបវិទ្យាសាស្ត្រលើផ្នែកសង្គមកិច្ច គ្រប់គ្រងការងារស្មុំកូនក្នុងប្រទេស និង អន្តរប្រទេស, ដឹកនាំ គ្រប់គ្រង និងសហការជាមួយដៃគូ អង្គការមិនមែនរដ្ឋាភិបាលនានាដែលធ្វើសកម្មភាព លើវិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, រៀបចំបង្កើតយន្តការជំរុញបំផុសការចូលរួមសកម្មភាពការងារសង្គមកិច្ច សាមគ្គីធម៌សង្គម លើកទឹកចិត្តដល់ក្រុមហ៊ុន សហគ្រាសរដ្ឋ ឯកជន អង្គការមនុស្សធម៌ ដៃគូអភិវឌ្ឍ សហគមន៍ និង មហាជនដែលបានចូលរួមសកម្មភាពដើម្បីសង្គម, អនុវត្តភារកិច្ចផ្សេងៗទៀត ដែលរាជរដ្ឋាភិបាលប្រគល់ជូនក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា៕ 











Theme images by Radius Images. Powered by Blogger.