សម្តេចភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី អញ្ជើញគោរពវិញ្ញាណក្ខន្ធព្រះសពសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធព្រះសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ដែលបានយាងចូលទិវង្គត កាលពីវេលាម៉ោង១៧:៤០នាទីល្ងាច ថ្ងៃចន្ទ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងព្រះជន្មាយុ៩៣ព្រះវស្សា ដោយព្រះជរាពាធ។

ក្នុងនាមសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ សម្តេចភក្តីបានចូលរួមរំលែកទុក្ខដោយសេចក្តីសោយស្តាយ អាឡោះអាល័យរកអ្វីមកប្រៀបផ្ទឹមពុំបានចំពោះការយាងចូលទិវង្គតរបស់សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស ដែលក្នុងមួយព្រះជន្មរបស់ព្រះអង្គបានបូជាអស់ព្រះកាយពល ដើម្បីកសាង និងដឹកនាំ វាសនានៅកម្ពុជា ជាសាសនារបស់រដ្ឋឱ្យរស់ឡើងវិញបន្ទាប់ពីរបបប្រល័យពូជសាសន៍ ឱ្យស្ថិតស្ថេរ ព្រះពុទ្ធសាសនានេចម្រើនរុងរឿងរហូតមកដល់ពេលបច្ចុប្បន្ន មានពុទ្ធបរិស័ទគោរពប្រតិបត្តិតាមគន្លងឱវាទពេញផ្ទៃប្រទេស នេះជាស្នាព្រហស្ថដ៏មហាអស្ចារ្យរបស់ព្រះអង្គ ដែលបានបន្សល់ទុកសម្រាប់ពុទ្ធបរិស័ទកម្ពុជាគោរពប្រតិបត្តិ រៀងរហូតទៅ។

សម្តេច និងលោកជំទាវ បានបួងសួងឧទ្ទិសថ្វាយព្រះរាជកុសលដល់ដួងវិញ្ញាណក្ខន្ធរបស់ សម្តេចព្រះអគ្គ មហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស បានយាងទៅកាន់ឋានព្រះបរមសុខជានិច្ចនិរន្តរ៍កុំបី ឃ្លៀងឃ្លាតឡើយ។

ព្រះសពសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស ត្រូវបានតម្កល់ទុកក្នុងវត្តឧណ្ណាលោម ស្ថិតនៅសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដើម្បីធ្វើបុណ្យទក្ខិណានុប្បទានឧទ្ទិសព្រះរាជមហាកុសលថ្វាយព្រះវិញ្ញាណក្ខន្ធព្រះសពតាមប្រពៃណីពុទ្ធសាសនាខ្មែររហូតដល់ថ្ងៃថ្វាយព្រះភ្លើង។









 

Theme images by Radius Images. Powered by Blogger.