ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពឧបាសិកា សូ ប៉ាក់ស៊ី



(ខេត្តស្វាយរៀង)៖ នារសៀលថ្ងៃអង្គារ ទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពឧបាសិកា សូ ប៉ាក់ស៊ី ត្រូវជាម្តាយក្មេករបស់ លោកឧត្ដមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង ដែលបានទទួលមរណភាព នៅវេលាម៉ោង ៣និង៤៧នាទីទៀបភ្លឺ ថ្ងៃចន្ទ ១១រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងជន្មាយុ ៧៤ឆ្នាំ ដោយជរាពាធ។ សពតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋានផ្លូវជាតិលេខ១ ភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
ក្នុងនាមជាមេបញ្ជាការកងរាជអាវុធហត្ថ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មានសេចក្តីរន្ធត់ក្តុកក្តួល រំជួលចិត្តឥឧបមា ដោយបានទទួលដំណឹងដ៏សែនក្រៀមក្រំថាឧបាសិកា សូ ប៉ាក់ស៊ី បានទទួលមរណៈភាព។ មរណៈភាពរបស់ ឧបាសិកា សូ ប៉ាក់ស៊ី គឺជាការបាត់បង់ម្តាយ ជីដូនដ៏មានគុណធម៌ របស់គ្រួសារទាំងមូល។ ពេញមួយជីវិតរបស់ ឧបាសិកា បានលះបង់ធ្វើជាគំរូ អប់រំប្រៀនប្រដៅដល់កូន កូនប្រសារ និងចៅៗ ថ្វីត្បិតតែរូបកាយរបស់ឧបាសិកា ត្រូវបានបាត់បង់ពីលោកយើងនេះក៏ពិតមែន ប៉ុន្តែកិត្តិយស សេចក្តីថ្លៃថ្នូរ ព្រមជាមួយសីលធម៌រស់នៅបានដក់ជាប់ក្នុងអារម្មណ៍ គឺមានសេចក្តីគោរពស្រឡាញ់គ្មានថ្ងៃបំភ្លេចបានឡើយ។ ឧបាសិកា សូ ប៉ាក់ស៊ី គឺជាបងប្អូនល្អ ជាម្តាយប្រកបដោយព្រហ្មវិហារធម៌ ជាជីដូនដ៏មានមេត្តាធម៌ ករុណាធម៌។
យើងខ្ញុំសូមលំឱនកាយ ចូលរួមរំលែកមរណៈទុក្ខជាមួយសាច់ញាតិ ក្រុមគ្រួសារនៃសព និងសូមគោរពឧទ្ទិសបួងសួង ដល់បុណ្យតេជៈបារមី ថែរក្សាលោកទាំងមូលសូមជួយដឹកនាំវិញ្ញាណក្ខន្ធឧបាសិកា សូ ប៉ាក់ស៊ី បានអញ្ជើញទៅដល់ទីឋានបរមសុខ សុគតិភពកុំបីឃ្លាងឃ្លាតឡើយ។


















Theme images by Radius Images. Powered by Blogger.