ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ជួបប្រជុំជាមួយក្រុមបេសកកម្មធនាគារអភិវឌ្ឍន៍អាសុី ADB

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី  ០១ ខែកុម្ភៈ  ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជួបប្រជុំជាមួយក្រុមបេសកកម្មធនាគារអភិវឌ្ឍន៍អាសុី ADB នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

នៅក្នុងកិច្ចប្រជុំនេះ  ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានគូសបញ្ជាក់ ពីគោលនយោបាយរបស់ក្រសួង ដែលផ្ដោតសំខាន់លើសន្តិសុខស្បៀង  ព្រមទាំងនិរន្តរភាពសេដ្ឋកិច្ច  និងបរិស្ថាន។  ទាក់ទងនឹងការងារនេះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមឱ្យមានការសហការជាមួយវិស័យឯកជន  និងដៃគូអភិវឌ្ឍន៍ ដោយមានផែនការច្បាស់លាស់  ដោះស្រាយបញ្ហាប្រឈមរួមគ្នា  ហើយប្រការចាំបាច់ត្រូវមានភាពជាម្ចាស់ការពិតប្រាកដ។

ឯកឧត្តមរដ្ឋមន្ត្រី  ឌិត ទីណា បានណែនាំឱ្យមានការសិក្សា ពិនិត្យឱ្យបានច្បាស់លាស់ រវាងការអភិរក្ស  និងអភិវឌ្ឍន៍ ឱ្យដេីរទន្ទឹមគ្នានៅក្នុងវិស័យកសិកម្ម ។  ប្រឈមនឹងការប្រែប្រួលអាកាសធាតុ ឯកឧត្តមរដ្ឋមន្រ្តី បានណែនាំឱ្យរៀបចំការសិក្សា និងពិនិត្យលទ្ធភាពនៃការស្តុកទឹកទុកនារដូវវស្សា  សម្រាប់ការធ្វេីស្រែពេញមួយឆ្នាំ របស់ប្រជាកសិករ។

ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី  ឌិត ទីណា បានលេីកឡេីងអំពីគោលនយោបាយអាទិភាព  ក្នុងការកសាងសហគមន៍ទំនេីប ដែលមានសមត្ថភាពគ្រប់គ្រាន់ សម្រាប់ការផលិតទ្រង់ទ្រាយធំ និងធ្វើឱ្យប្រសើរក្នុងខ្សែច្រវ៉ាក់ផលិតកម្ម  និងខ្សែច្រវាក់តម្លៃ  សម្រាប់វិស័យកសិកម្ម ដែលមានលក្ខណៈសេដ្ឋកិច្ច  និងមានទីផ្សារច្បាស់លាស់៕
















Theme images by Radius Images. Powered by Blogger.