សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញប្រកាសប្រធាន និងអនុប្រធានទី១ ក្រុមការងារចុះមូលដ្ឋានខេត្តក្រចេះ

(ខេត្តក្រចេះ)៖ នៅសាលមហោស្រពខេត្តក្រចេះ មានធ្វើពិធីប្រកាសប្រធាន និងអនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ ក្រោមអធិបតីភាព សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈប្រចាំការ គណៈអចិន្រ្តៃយ៍គណកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា នាព្រឹក ថ្ងៃពុធ ៧រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤។  បន្ទាប់ពីឯកឧត្តម វ៉ា ថន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តក្រចេះបានធ្វើរបាយការណ៍សកម្មភាពរបស់គណបក្សខេត្តជូនអង្គពិធីរួចមក ឯកឧត្តម សោម សឿន សមាជិកអចិន្ត្រៃយ៍នៃគណកម្មាធិការកណ្តាល និងជាប្រធានគណៈចាត់តាំងនៃគណកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអានសេចក្ដីសម្រេចស្ដីពីការកែសម្រួលប្រធាន និងអនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ ដោយត្រូវបានចាត់តាំង ឯកឧត្តម នេត្រ ភក្ត្រា ជាប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្តក្រចេះ ជំនួស ឯកឧត្តម ព្រំ សុខា និងចាត់តាំង ឯកឧត្តម ស ចំរុង ជា អនុប្រធានទី ១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ។ ក្នុងពិធីនោះផងដែរ ឯកឧត្តម នេត ភក្ត្រា ក៏បានប្តេជ្ញាចិត្ត អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវលក្ខន្តិកៈបក្ស និងគោរពអនុវត្តនូវគោលការណ៍ និងសេចក្តីសម្រេចនានារបស់គណបក្សដែលបានដាក់ចុះឱ្យបានជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់ និងប្តេជ្ញាគោរពនិងចូលរួមអនុវត្តតាមកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ជាពិសេស គឺគោលការណ៍ «រក្សាចាស់ បង្កើនថ្មី»  ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ។ ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានថ្លែងនូវការកោតសសើរចំពោះ ឯកឧត្តម ព្រំ សុខា បានដឹកនាំក្រុមការងារគណបក្សចុះ មូលដ្ឋានខេត្តក្រចេះដោយសម្រេចបាននូវសា្នដៃជាច្រើន ក្នុងការចូលរួមចំណែកក្នុងការថែរក្សាសុខសន្តិភាព សណ្តាប់ធ្នាប់សង្គម ការអភិវឌ្ឍនសង្គម សេដ្ឋកិច្ច លើកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខេត្កក្រចេះ។ សម្តេចកិត្តិសង្គហបណ្ឌិត ក៍បានផ្ដាំផ្ញើដល់ ឯកឧត្តម នេត ភក្ត្រា ដែលបានទទួលបានការតែងតាំងមុខតំណែងថ្មី ត្រូវបន្តខិតខំប្រឹងប្រែង ដើម្បីចូលរួមចំណែកកសាង និងអភិវឌ្ឍន៍ខេត្តក្រចេះ ឱ្យមានការរីកចម្រើនថ្មីៗបន្ថែមទៀត ពិសេសត្រូវអនុវត្តអោយបានខ្ជាប់ខ្ជួននូវលក្ខន្តិកៈរបស់គណបក្ស និងកម្មវិធីគោលនយោបាយ គោលការណ៍ទាំងឡាយរបស់គណបក្ស ដែលថ្នាក់កណ្ដាលបានដាក់ចុះ អោយបានត្រឹមត្រូវ ម៉ឺងម៉ាត់ ព្រមទាំងសាមគ្គីភាពផ្ទៃអោយបានរឹងមាំ ដោយឈរលើមាគ៌ាមហាជនរបស់បក្ស ដើម្បីត្រៀមការងារសំខាន់ៗឆ្ពោះទៅកាន់ការបោះឆ្នោតនៅអាណត្តក្រោយៗទៀត អោយទទួលបានលទ្ធផលជោគជ័យ៕
























Theme images by Radius Images. Powered by Blogger.