គ្រោះថ្នាក់ចរាចរណ៍ដ៌រន្ធត់! សង្ស័យអ្នកបើកបរងងុយដេក បុករះបណ្តាលឱ្យមនុស្ស០២នាក់រងរបួសធ្ងន់
(ខេត្តកំពង់ឆ្នាំង)៖តាមសេចក្តីរាយការណ៍បានឱ្យដឹងថាយ៉ាងហោចណាស់មានមនុស្ស២នាក់បានរងរបួសធ្ងន់ ខណៈរថយន្ត២គ្រឿងបុកគ្នានិងបន្តកៀរម៉ូតូមួយគ្រឿងនិងរ៉ឺម៉កមួយគ្រឿងទៀតក្នុងទិសដៅស្របគ្នា ហេតុការណ៍ដ៌រន្ធត់នេះកើតឡើងនៅវេលាម៉ោង ០៦:១០នាទីព្រឹក ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ស្ថិតនៅចំណុចខាងជើង រូបសំណាកព្រះគោព្រះកែវ លើផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៣៩-៤០ ស្ថិតក្នុងភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ យោងតាមរបាយការណ៍របស់សមត្ថកិច្ចទទួលបន្ទុកចរាចរណ៍ផ្លូវគោកខេត្តកំពង់ឆ្នាំងបានបញ្ជាក់ថា ករណីនេះកើតឡើងរវាងរថយន្ត០១គ្រឿង ម៉ាកHyundai Mighty ពណ៌ស ពាក់ផ្លាកលេខ កំពង់ធំ3A-0819 អ្នកបើកបរឈ្មោះ ងួន សុធា ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិដងក្ដារ ឃុំត្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ បើកបរពីទិសខាងត្បូង ឆ្ពោះទៅទិសខាងជើង។ ពេលមកដល់ចំណុចខាងលើ ក៏បានគៀរជាមួយនិងរថយន្ត០១គ្រឿង ម៉ាកស៊ីណា ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2AK-5788 អ្នកបើកបរឈ្មោះ សាង គង់ ភេទ ប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិកំពង់សីមា ឃុំវត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បើកបរពីទិសខាងត្បូង ឆ្ពោះទៅទិសខាងជើង (ស្របទិសគ្នា) ពេលនោះក៏បានបុកនិងម៉ូតូ០១គ្រឿងទៀត ម៉ាក HONDA ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ស្ពឺ1w-1718 អ្នកបើកបរឈ្មោះ ពេជ្រ សំអឿន ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិត្រពាំងលើ ឃុំត្រាចទង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ដែលឈប់នៅលើគន្លងផ្លូវសាមញ្ញខាងស្ដាំ។ ភ្លាមៗនោះ! ដែរ ក៏ជ្រុលទៅបុកចំហៀងខាងស្ដាំ ផ្នែកខាងក្រោយនៃរ៉ឺម៉កសណ្ដោង រថយន្ត០១គ្រឿងទៀត ម៉ាកFuso ពណ៌ស ពាក់ផ្លាកលេខកំពង់ឆ្នាំង3A-1801សណ្ដោងរ៉ឺម៉កពណ៌ខៀវ ពាក់ស្លាកលេខព្រះសីហនុ4A-3189 អ្នកបើកបរឈ្មោះ លីម ចាន់គ្រី ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ អង្គរជ័យ ឃុំស្រទ្បប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បើកបរពីទិសខាងត្បូង ឆ្ពោះទៅទិសខាងជើង ក្នុងដំណើរស្របទិសគ្នា (កំពុងបើកបរបត់ស្ដាំ) ។គួរបញ្ជាក់ផងដែរ ករណីបុកបន្តបន្ទាប់គ្នានេះបណ្ដាលឲ្យមនុស្ស២នាក់រងរបួសធ្ងន់ ក្នុងនោះអ្នកបើកបរម៉ូតូចំនួន០១នាក់ និងអ្នកបើកបររថយន្តចំនួន០១នាក់ទៀត និងខូចម៉ូតូ០១គ្រឿង រួមទាំងរថយន្ត០២គ្រឿង ខូចខាតទាំងស្រុង។ក្រោយពេលកើតហេតុអ្នករងរបួសត្រូវក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកឧដុង្គ។ ដោយឡែកវត្ថុតាងម៉ូតូនិងរថយន្តបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាចចំណាត់ការបន្តតាមនីតិវិធី៕
Post a Comment