ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រមសីលធម៌ និងវិជ្ជាជីវ:អ្នកសារព័ត៌មាន ជាមូលដ្ឋានគ្រឹះរួមទាំងគុណភាពការងារ
(ភ្នំពេញ)៖ តាមការគ្រោងទុកនៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) បានរៀបចំវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា (វ.ន.ស.ក) លើកទី២០ ដែលជាវេទិកាប្រចាំឆ្នាំរបស់ ក.អ.ក លើប្រធានបទ «វិជ្ជាជីវៈ និងក្រមសីលធម៌សារព័ត៌មាន» ដែលមានអញ្ជើញចូលរួមជាអធិបតីភាពដ៌ខ្ពង់ខ្ពស់ពី ឯកឧត្តម នេត្រ ភត្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងថ្នាក់ដឹកនាំក្រសួងព័ត៌មាន ព្រមទាំងគណៈកម្មាធិការនាយក ក.អ.ក ផងដែរ។
ថ្លែងនៅក្នុងវេទិកានេះក៏មានការចូលរួមពីនាយកគ្រប់គ្រង និពន្ធនាយក តំណាងសមាគម និងថ្នាក់ដឹកនាំស្ថាប័នសារព័ត៌មាន កាសែត វិទ្យុ ទូរទស្សន៍ រួមទាំងសារព័ត៌មានអនឡាញ និងគេហទំព័រ ចំនួន ១១៤នាក់ មកពី ៧១អង្គភាព ក្នុងនោះក៌មានអង្គភាពសារព័ត៌មាននិងគេហទំព័រ "ជីវិតកូនខ្មែរ" chivitkonkhmer.com មកជួបជុំគ្នា ដើម្បីជជែកពិភាក្សា និងអនុម័តសេចក្តីថ្លែងការណ៍រួមស្តីពី «វិជ្ជាជីវៈនិងក្រមសីលធម៌សារព័ត៌មាន»។
វ.ន.ស.ក លើកទី២០ បានជជែកពិភាក្សាយ៉ាងល្អិតល្អន់ឡើងវិញលើបញ្ហាក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ព្រមទាំងស្វះស្វែងរកវិធី ឬបង្កើតយន្តការណាមួយសំដៅធ្វើយ៉ាងណាជួយតម្រង់ទិសអ្នកសារព័ត៌មាន និងលើកទឹកចិត្តឲ្យពួកគេចូលរួមកាន់តែសកម្មក្នុងការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈហើយចាត់ទុកការប្រតិបត្តិក្រមសីលធម៌វិជ្ជាជីវៈជាប្រការសំខាន់ក្នុងការងារប្រចាំថ្ងៃ។
Post a Comment