សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សមិទ្ធិផលជិត ១លានដុល្លារ នៅវត្តចាក់អង្រែក្រោមត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់
(ភ្នំពេញ)៖ សម្តេចកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាអញ្ជើជាអធិបតី ក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធិផលនានានៅក្នុងវត្តចាក់អង្រែក្រោម ស្ថិតក្នុងសង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃអាទិត្យ ១២កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣។ ឆ្លៀតក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានថ្លែងអំណរគុណ ថ្វាយប្រគេនដល់ ព្រះគ្រូខន្តិមុនី គឹម នី រួមជាមួយ លោកឧកញ៉ា សៀង ម៉េង និង លោកជំទាវ មាន សុភា ឯកឧត្តម សូ ចាន់ធី និងលោកជំទាវ ឯកឧត្តម លោកជំទាវ អាជ្ញាធរគ្រប់លំដាប់ថ្នាក់របស់សាលារាជធានីភ្នំពេញ ខណ្ឌមានជ័យ ព្រមទាំងពុទ្ធចំណុះជើងវត្តមកពីទីជិតទីឆ្ងាយ បានរួមសាមគ្គីគ្នាកសាងសមិទ្ធិផលយ៉ាងច្រើន រួមមាន ៖ ព្រះវិហារថ្មីមួយកម្ពស់ ២ជាន់ ព្រមទាំងការកសាងនូវហេដ្ឋារចនាសម្ព័ន្ធ ដូចជា សាលានិច្ចភត្ត បណ្ណាល័យ កុដិព្រះសង្ឃ (កម្ពស់ ២ជាន់) របងនិងខ្លោងទ្វារ ផ្លូវបេតុង វច្ចកុដិ ជួសជុលសាលាធម្មសភា ដែលបានចំណាយពេលសាងសង់អស់រយៈពេល១០ឆ្នាំ០៩ខែ) និងបានចំណាយថវិកាសាងសង់អស់ចំនួន ៩៧២.២៩៥$។ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានមានប្រសាសន៍ផងដែរថា រាល់សមិទ្ធផលទាំងឡាយដែលបានអភិវឌ្ឍន៍ គឺដោយសារប្រទេសមានសុខសន្តិភាព ដែលយើងទាំងអស់គ្នាទទួលបានដោយសារការខិតខំប្រឹងប្រែង របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានអនុវត្តទៅលើនយោបាយឈ្នះ ឈ្នះ។ សម្តេចបានបន្តទៀតថា ប្រសិនបើគ្មានការឯកភាពជាតិ គ្មានសុខសន្តិភាពទេនោះ ការអភិវឌ្ឍន៍ផ្សេងៗ ក៏យើងមិនអាចរុញទៅមុខបានដែរ ទាំងវិស័យពុទ្ធចក្រ និងវិស័យអាណាចក្រ ពោលគឺ ពុទ្ធបរិស័ទមួយរូបៗ គ្មានលទ្ធភាពបង្ករបង្កើនចំណូល យកមកចូលបច្ច័យដើម្បីកសាងសមិទ្ធផលក្នុងទីអារាម ចំណែកព្រះសង្ឃក៏គ្មានចង្ហាន់គ្រប់គ្រាន់នោះដែរ ។ ប៉ុន្តែដោយសារសន្តិភាពមាននៅក្នុងប្រទេសយើងនេះហើយ ដែលយើងអាចជំរុញការអភិវឌ្ឍនៅលើគ្រប់វិស័យ ធ្វើឲ្យជីវភាពរបស់ប្រជាពលរដ្ឋពីមួយថ្ងៃទៅមួយថ្ងៃមានការរីកចម្រើនជាលំដាប់។ ជាចុងក្រោយ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានផ្តាំផ្ញើរដល់ ប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវចូលរួមថែរក្សាសុខសន្តិភាព និងចូលរួមថែរក្សាសមិទ្ធិផដែលបានដាក់សម្ពោធឲ្យប្រើប្រាស់ក្នុង ថ្ងៃនេះនៅគង់វង្សស្ថិតស្ថេរ ដើម្បីជាការចូលរួមចំណែក្នុងការការលើកស្ទួយដល់វិស័យព្រះពុទ្ធសាសនានៅកម្ពុជា៕
Post a Comment