លោកជំទាវ មិថុនា ភូថង បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពី“ការគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា” ជូនដល់សមាជិកនៃគណៈកម្មាធិការគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ខេត្តកោះកុង

ខេត្តកោះកុង៖ ថ្លែងក្នុងវគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់នេះ លោកជំទាវអភិបាលខេត្តកោះកុង លើកឡើងនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ថា  ដើម្បីរក្សាបាននូវតម្លៃក្នុងនាមជាសមាជិកក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក ការរៀបចំទីក្រុង និងហេដ្ឋារចនាសម្ព័ន្ធទីប្រជុំជននៅជាប់តំបន់ឆ្នេរសមុទ្រ គឺជាកត្តាសំខាន់ដើម្បីធានាចីរភាពនៃការរីកចម្រើនលើវិស័យ សេដ្ឋកិច្ច ទេសចរណ៍ និងកំណើនប្រជាជននៅក្នុងតំបន់ឆ្នេរសមុទ្រ ពិសេសខេត្តកោះកុងរបស់យើងដែលជាខេត្តមានឆ្នេរសមុទ្រវែងជាងគេ នៃព្រះរាជាណាចក្រកម្ពុជា (ប្រហែល២៣៧គីឡូម៉ែត្រ) ដែលទាមទារឲ្យមានការអភិវឌ្ឍផ្នែករូបវន្ត ហេដ្ឋារចនាសម្ព័ន្ធ និងផែនការមេអភិវឌ្ឍន៍ទីក្រុងសមស្រប ដើម្បីឆ្លើយតបទៅនឹងស្ថានភាពភូមិសាស្ត្រ និងតម្រូវការ ជាក់ស្តែង។ 

លោកជំទាវ មិថុនា ភូថង គូសបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលកម្ពុជា មានផែនការគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរឲ្យបានត្រឹមត្រូវ មានប្រសិទ្ធភាពនិងចីរភាព ដើម្បីចៀសវាងនិងទប់ស្កាត់ផលប៉ះពាល់ដល់ការអភិវឌ្ឍទេសចរណ៍ សេដ្ឋកិច្ចសង្គម បរិស្ថាន វប្បធម៌ និងប្រពៃណីក្នុងតំបន់ឆ្នេរសមុទ្រ ដោយបានដាក់ចេញនូវសារាចរលេខ ០១ សរណន ចុះថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១២ ស្ដីពី "ការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រ នៃព្រះរាជាណាចក្រកម្ពុជា"។ សារាចរនេះមានគោលបំណង ដើម្បីណែនាំដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិឲ្យអនុវត្តនូវគោលការណ៍គ្រប់គ្រង ប្រើប្រាស់ ថែរក្សា ការពារ និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រនៃព្រះរាជាណាចក្រកម្ពុជា ដែលរួមមានដែនគោក កោះ និងដែនទឹកឱ្យបានល្អប្រសើរ។

លោកជំទាវ មិថុនា ភូថង ក៏ចាត់បានទុកថា ការរៀបចំវគ្គបណ្តុះបណ្តាល ស្ដីពី“ការគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា"នាថ្ងៃនេះ គឺដើម្បីផ្សព្វផ្សាយសេចក្តីសម្រេចលេខ ០៥៧សសរ របស់គណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍនតំបន់ឆ្នេរសមុទ្រកម្ពុជា និងធានាប្រសិទ្ធភាពនៃការអនុវត្តតួនាទី ភារកិច្ច និងការយល់ដឹងឱ្យស៊ីជំរៅអំពីការគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រ នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់សមាជិកនៃគណៈកម្មាធិការ និងស្ថាប័នពាក់ព័ន្ធ ពិសេសរដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់ ដើម្បីអាចមានសមត្ថភាពលើការអភិវឌ្ឍមូលដ្ឋាននានាឱ្យស្របនឹងសារាចរលេខ០១ របស់ រាជរដ្ឋាភិបាល និងចូលរួមរៀបចំផែនការមេអភិវឌ្ឍទីក្រុង ទីប្រជុំជន ការគ្រប់គ្រងតំបន់ឆ្នេរសមុទ្រ ធនធានសមុទ្រ ទប់ស្កាត់ការសាងសង់សំណង់អាណាធិបតេយ្យរំលោភចំណីឆ្នេរ ការបញ្ចេញកាកសំណល់រឹង-រ៉ាវ ចូលសមុទ្រ នឹងត្រូវ ផ្សព្វផ្សាយបន្តដល់មូលដ្ឋាន វិស័យឯកជនដើម្បីចូលរួមថែរក្សា ការពារ និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រដែលជាគ្រឹះក្នុងការ លើកកម្ពស់គុណភាពជីវិតប្រជាជនតំបន់ឆ្នេរ។




















Theme images by Radius Images. Powered by Blogger.