ឯកឧត្តម ឌិត ទីណា ជួបពិភាក្សាការងារជាមួយក្រុមការងារសហភាពអឺរ៉ុប អំពីកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម


(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានជួបពិភាក្សាការងារជាមួយក្រុមការងារសហភាពអឺរ៉ុប (EU) អំពីកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។   

 


ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ចំពោះគម្រោងរបស់ក្រុមការងារសហភាពអឺរ៉ុប ដែលរួមចំណែកក្នុងការលើកកម្ពស់កសិ- ពាណិជ្ជកម្មបៃតង និងតម្លៃបន្ថែមលើផលិតផលកសិកម្ម ដើម្បីផ្តល់ផលចំណេញដល់កសិករខ្នាតតូច។ យ៉ាងណាក៏ដោយ បើតាមការគូសបញ្ជាក់របស់ឯកឧត្តមរដ្ឋមន្ត្រី រាល់កម្មវិធីអភិវឌ្ឍទាំងអស់ទាមទារឱ្យមានកិច្ចសហការ និងសិក្សាឱ្យបានច្បាស់លាស់ និងជាពិសេស ត្រូវស្របទៅតាមអាទិភាពរបស់ក្រសួង និងដើរតាមគោលនយោបាយជាតិដែលបានដាក់ចេញ។


ទន្ទឹមនឹងនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានលើកបញ្ជាក់បន្ថែមអំពីគោលនយោបាយសហគមន៍កសិកម្មថ្មី ដែលទើបបានប្រកាសជាផ្លូវការដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ ហើយដែលកំពុងត្រូវការកិច្ចសហការ និងការគាំទ្របន្ថែមពីដៃគូអភិវឌ្ឍ និងភាគីពាក់ព័ន្ធដទៃទៀត។  តាមរយៈកិច្ចប្រជុំនេះ ភាគីទាំងពីរបានឯកភាពគ្នាក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីចូលរួមអភិវឌ្ឍវិស័យកសិកម្ម និងធនធានធម្មជាតិនៅកម្ពុជា៕











Theme images by Radius Images. Powered by Blogger.