ពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសង់ស្ពានបេតុងអាមេ ប្រវែង ៤៥ម៉ែត្រ ទទឹង ៩ម៉ែត្រ នៅភូមិស្ដៅកន្លែង៤ និងភូមិខ្សុំ

ខេត្តកណ្តាល៖ នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំនុចស្ទឹងអង្ករជ័យ រដ្ឋបាលស្រុកកៀនស្វាយ សហការជាមួយរដ្ឋបាលខេត្តកណ្ដាល បានរៀបចំពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ស្ពានបេតុងអាមេ ប្រវែង ៤៥ម៉ែត្រ ទទឹង ៩ម៉ែត្រ ព្រំប្រទល់ភូមិស្ដៅកន្លែង៤ ឃុំដីឥដ្ឋ និងភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល។ 


នាពិធីដ៏វិសេសវិសាលនេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្តាល បាននាំមកនូវការផ្ដាំផ្ញើការសាកសួរសុខទុក្ខ និងក្ដីនឹករលឹកដ៏ជ្រាលជ្រៅបំផុតពីសំណាក់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានគិតគូរពីសុខទុក្ខ ការលំបាក ជីវភាពរស់នៅប្រចាំថ្ងៃ និង តែងតែនៅជាប់ជាមួយប្រជាជន មន្ត្រីរាជការ គ្រប់ពេលវេលា និងគ្រប់កាលៈទេសៈ។ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមអភិបាលកណ្តាល បានសម្ដែងនូវការកោតសរសើរ ការវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ, មន្ត្រីរាជការ និងកងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ នៃរដ្ឋបាលស្រុកកៀនស្វាយ។ ព្រមទាំងផ្តល់នូវអនុសាសន៍ដឹកនាំសំខាន់ៗរួមមាន៖១.គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ត្រូវបន្តពង្រឹងនិងថែរក្សាការពារសន្តិភាព សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ លើកកម្ពស់ប្រសិទ្ធភាពការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព និងបន្តការអប់រំ ផ្សព្វផ្សាយ ចុះឲ្យដល់មូលដ្ឋានតាមខ្នងផ្ទះ(ជាពិសេសគ្រឿងញៀន និងល្បែងស៊ីសងគ្រប់ប្រភេទត្រូវតែគ្មានជាដាច់ខាតក្នុងមូលដ្ឋាន)។

២.ត្រូវពង្រឹង និងកែលម្អការផ្តល់សេវាសាធារណៈ,សេវារដ្ឋបាល តាមការិយាល័យច្រកចេញចូលតែមួយ ដោយជំរុញអនុវត្ត ឱ្យបានតាមទិសស្លោក «ធ្វើឱ្យបាន ធ្វើឱ្យលឿន និង មានតម្លាភាព» ក្នុងការផ្តល់សេវាសាធារណៈ និងសេវារដ្ឋបាលគ្រប់ប្រភេទជូនប្រជាពលរដ្ឋ។

៣.រដ្ឋបាលស្រុក ដែលមានសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវបន្តរួមគ្នាខិតខំដោះស្រាយ សំណើសំណូមពរ និង បញ្ហាប្រឈមនានានៅតាមមូលដ្ឋានប្រកបដោយតម្លាភាព គណនេយ្យភាព និងយុត្តិធម៌ជាពិសេសខិតខំកាត់បន្ថយការថ្នាំងថ្នាក់របស់ប្រជាពលរដ្ឋ។




















Theme images by Radius Images. Powered by Blogger.