គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នឹងអញ្ជើញនាយក្រឹមមកបញ្ជ្រាបពីគោលការណ៍មិនរើសអើងភេទ(មានវីដេអូ)
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃច័ន្ទនេះ បានបញ្ជាក់ពីការប្ដេជ្ញាចិត្ត អញ្ជើញលោក អ៊ូ បុណ្ណារ៉ាត់ ហៅនាយក្រឹម មកជជែកស្វែងយល់ពីគ្នា និងដើម្បីបញ្ជ្រាបពីគោលការណ៍មិនរើសនិន្នាការភេទ។ នេះគឺបន្ទាប់ពីមានប្រតិកម្មជាច្រើន ទៅនឹងពាក្យពេចន៍លោកលោក អ៊ូ បុណ្ណារ៉ាត់ ថ្លែងនៅក្នុងកម្មវិធីប្រឡងសមត្ថភាពមួយ នាពេលថ្មីៗនេះ។ គណៈកម្មាធិការសិទ្ធិមនុស្ស បានបង្ហាញការសោកស្ដាយចំពោះពាក្យសម្ដីទាំងនេះ ក៏ប៉ុន្តែទន្ទឹមនេះបង្ហាញក្ដីសង្ឃឹមថា បញ្ហានេះនឹងអាចសម្របសម្រួលជាមួយគ្នាបានឡើងវិញ ក្នុងផ្លូវមួយដែលវិជ្ជមាន។
ជាកិច្ចអន្តរាគមន៍នៅចំពោះមុខប្រតិកម្មជាច្រើនពីមហាជនលើលោកអ៊ូ បុណ្ណារ៉ាត់ ហៅនាយក្រឹម គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានអះអាងពីការរៀបចំអញ្ជើញតារាកំប្លែងជើងចាស់រូបនេះ មកពិភាក្សាដើម្បីបញ្ជ្រាបពីគោលការណ៍មិនរើសអើងនិន្នាការភេទ ក្នុងពេលឆាប់ៗ។ លោកអ៊ូ បុណ្ណារ៉ាត់ហៅនាយក្រឹម ក្នុងកម្មវិធីប្រឡងសមត្ថភាពមួយផ្សាយផ្ទាល់នៅថ្ងៃទី២៨តុលាកន្លងទៅ ដែលបានចាត់ទុកថា ការដែល មានមានមនុស្សភេទទី៣ច្រើនក្នុងប្រទេស នឹងនាំឲ្យបាត់បង់ធនធានមនុស្ស។ លោកថ្លែងយ៉ាងដូច្នេះទៅកាន់ បេក្ខជនភេទទី៣មួយរូប ក្រោយសម្ដែងចប់នូវបទចម្រៀងមួយបង្កប់សារចង់បានភាពកក់ក្ដៅរបស់ក្រុមអ្នកមានភេទទី៣។
ដោយចាត់ទុកជាបញ្ហាសំខាន់មួយ លោកស្រ៊ាង ចិន្តា អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានអះអាងថា គណៈកម្មាធិការ បានសម្រេចបង្កើតក្រុមការងារថ្មីមួយស្រឡាង ក្នុងការសម្របសម្រួលលើបញ្ហានេះ ជាមួយលោកលោកអ៊ូ បុណ្ណារ៉ាត់ហៅនាយក្រឹម កាលពីថ្ងៃអាទិត្យម្សិលមិញ។ យ៉ាងណា លោកគូសបញ្ជាក់ថា កាលបរិច្ឆេទអញ្ជើញលោកអ៊ូ បុណ្ណារ៉ាត់មិនត្រូវបានកំណត់នៅឡើយ ខណៈនិតិវិធីនៃការសម្របសម្រួលកំពុងតែស្ថិតក្រោមការពិភាក្សា។
ទន្ទឹមនឹងនេះ លោកស្រ៊ាង ចិន្តា ថាលោកពិតជាមានការសោកស្ដាយចំពោះការលើកឡើងរបស់លោកអ៊ូ បុណ្ណារ៉ាត់ ហៅនាយក្រឹមនាពេលកន្លងទៅនេះ តែលោកក៏ជឿជាក់ថា ក្រោយការពិភាក្សាស្វែងយល់គ្នាទៅវិញទៅមក បញ្ហានេះនឹងត្រូវបានសម្របសម្រួលក្នុងផ្លូវមួយដែលវិជ្ជមាន។
គួជម្រាបថា អង្គការសហគមន៍ឥន្ទធនូកម្ពុជាដែលធ្វើការលើការពារសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា បានបង្ហាញក្ដីបារម្ភថា ពាក្យពេចន៍របស់លោកអ៊ូ បុណ្ណារ៉ាត់ ក្នុងនាមជាសិល្បករមានឥទ្ធិពលលើមហាជនមួយរូប នឹងអាចបង្កឲ្យមានភាន់ច្រលំដល់សាធារណមតិ ជំរុញការរើសអើង និងអាចប៉ះពាល់ដល់សុខភាពផ្លូវចិត្តបុគ្គលនិងអ្នកស្រឡាញ់ភេទដូចគ្នាយ៉ាងធ្ងន់ធ្ងរ។ តាមរយៈលិខិតមួយនៅថ្ងៃទី២៩តុលាម្សិលមិញ អង្គការនេះក៏បានស្នើឲ្យមានការអន្តរាគមន៍ពីគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្នុងការបញ្ជ្រាបការយល់ដឹងស្ដីពីការស្រឡាញ់ភេទដូចគ្នា ជាមួយលោកអ៊ូ បុណ្ណារ៉ាត់។
សូមបញ្ជាក់ថា ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា ឬហៅថា (LGBTIQ) រួមមានស្រ្តីស្រឡាញ់ស្រ្តី បុរសស្រឡាញ់បុរស អ្នកស្រឡាញ់ទាំងពីរភេទ អ្នកប្ដូរយេនឌ័រ និងអ្នកមិនកំណត់អត្តសញ្ញាណយេនឌ័រ។ ស្ថិតក្រោមច្បាប់ជាតិនិងអន្តរជាតិ មនុស្សគ្រប់រូបមានសិទ្ធិស្មើគ្នាដោយមិនគិតពីនិន្នាការភេទ និងសុទ្ធតែអាចក្លាយជាធនធានមនុស្ស ក៏ដូចជាចូលរួមចំណែកបង្កើនធនធានមនុស្សសម្រាប់ប្រទេសជាតិ។
យ៉ាងណាក៏ដោយ ទន្ទឹមនឹងការទទួលស្គាល់សិទ្ធិស្មើភាពរបស់មនុស្សគ្រប់និន្នាការភេទនេះ មកទល់ពេលនេះ យោងតាមការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សប្រចាំកម្ពុជា ក្នុងប្រទេសកម្ពុជា មិនទាន់មានច្បាប់ណាមួយ ដាក់ទណ្ឌកម្មចំពោះអ្នកដែលរំលោភសិទ្ធិមនុស្សរបស់មនុស្សស្រលាញ់ភេទដូចគ្នាឡើយ៕
Post a Comment